ឯកឧត្តម រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញឱ្យមន្ទីរពេទ្យ ត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ក្នុងការបំពេញភារកិច្ច
(ភ្នំពេញ)៖ គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ ។
ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តី ឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងជាពិសេសកុមារកម្ពុជា។
ឯកឧត្តម ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា សំដៅប្រសិទ្ធភាពការងារ និងភាពឆាប់រហ័សលើអន្តរាគមន៍នៃរាល់ការងារទាំងឡាយ។ ក្រុមគ្រូពេទ្យ ត្រូវដើរតួជាអាណាព្យាបាលដែលកូនមានបញ្ហាសុខភាព និងក្រុមគ្រូពេទ្យបម្រើសេវាដល់ទារក ដើម្បីបង្ហាញរបៀបពីផ្តល់សេវាដោយសេចក្តីស្រឡាញ់ ភាពកក់ក្តៅចំពោះទារក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំគ្រប់គ្រងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សូមអរគុណដល់អង្គការដៃគូ ដែលតែងតែជួយជាសម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ទីរពេទ្យ ក្នុងការចូលរួមបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។
ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ឈាង រ៉ា បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ








