ក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀប​ចំ «ទិវាភពផែនដី» រួមគ្នានៅចុងខែមេសានេះ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម តំណាងសហភាពអឺរ៉ុប (EU) ,អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នឹងរួមសហការគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន សម្រាប់ «ទិវាភពផែនដី» ក្រោមប្រធានបទ «ការគ្រប់គ្រងធនធាន​ជលផល​ប្រកបដោយចីរភាព»នៅចុងខែមេសា ឆ្នាំ២០២៥​ខាងមុខ។

ក្នុងជំនួបពិភាក្សារវាងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា តំណាងសហភាពអឺរ៉ុប (EU) និង អង្គការ FAO ស្ដីពីការផ្សព្វផ្សាយព័ត៌មាន សម្រាប់ «ទិវាភពផែនដី» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហការរវាងក្រសួង ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា និងអង្គការ FAO ដែលបានដំណើរការយ៉ាងរលូន និងបានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់ប្រជាជន តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក។

លោកជំទាវអនុរដ្ឋលេខាធិការ បានឱ្យដឹងដែរថាសម្រាប់ «ទិវាភពផែនដី» ដែលក្រសួងកសិកម្ម សហភាពអឺរ៉ុប និងអង្គការ FAO គ្រោងរៀបចំរួមគ្នានៅចុងខែមេសា ឆ្នាំ២០២៥នេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទាននៃកម្មវិធី ដែលនឹងប្រព្រឹត្តឡើង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងតំណាងអង្គការ FAO ប្រចាំកម្ពុជា។

គួរបញ្ជាក់ថាក្នុង ទិវាភពផែនដីសម្រាប់ឆ្នាំ២០២៥នេះ ក៏មានរួមបញ្ចូលផងដែរ ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន មកពីបណ្តាញស្ថាប័នព័ត៌មានផ្សេងៗជាច្រើន ចុះទស្សនកិច្ចទៅកាន់ខេត្តពោធិសាត់ ដើម្បីផ្តិតយករូបភាពជាក់ស្តែង និងជួបសម្ភាសផ្ទាល់ជាមួយប្រជាសហគមន៍ អំពីប្រយោជន៍ដែលទទួលបាន តាមរយៈសមិទ្ធផលនៃការគ្រប់គ្រងធនធានជលផលទឹកសាបនៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអ្នកសារព័ត៌៎មាន អាចផលិតព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ សម្រាប់ផ្សព្វផ្សាយទៅកាន់សាធារណៈជន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner