សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរ​ទិវាអន្តរ​ជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ ។

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មេសា សម្ដេចធិបតី បានលើកឡើងថា​ ទិវាអន្តរជាតិយល់ដឹងពីមីន​ឆ្នាំ២០២៥​នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាង​សន្តិភាព​” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់​ និងលើក​កម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាម​ មកលើប្រជាពល​រដ្ឋ​​ស្លូតត្រង់នៅទូទាំងពិភពលោក ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈ​ជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹង​ប្រែង​ប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ​ពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុល​ភាព​​របស់មនុស្សទូទាំងពិភពលោក ។

គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំង​បង្កការ​ឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុ​នេះ​ហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយ​គ្រោះ​ថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ​ដ៏សំ​ខាន់​សម្រាប់បម្រើដល់ការអភិវឌ្ឍ ។

ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់​ឡើង​វិញ​នូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោក​មួយ​ដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើង​ដោយគ្រាប់​មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បី​ធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាម​កំហែង​ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner