និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក) រៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលធានារ៉ាប់រងខ្នាតតូចនៅសាលាឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ
(កំពង់ឆ្នាំង)៖ សិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផល ធានារ៉ាប់រងខ្នាតតូច” ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ សិក្ខាសាលាផ្សព្វផ្សាយនេះបានរៀបចំឡើង នៅសាលាឃុំអណ្ដូងស្នាយ ស្រុករលាបៀ្អរ ក្រោមអធិបតីភាព លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទតីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក ឃួន សុខុម ជំទប់ទី ១ ឃុំអណ្តូងស្នាយ ព្រមទាំងតំណាង អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, តំណាងក្លិបអ្នកកាសែតកម្ពុជា, តំណាង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចនិងប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត ។
គោលបំណងនៃសិក្ខាសាលានេះ គឺ ដើម្បីផ្សព្វផ្សាយ និងបញ្ច្រាបចំណេះដឹងពីផលិតផលធានារ៉ាប់រង ខ្នាតតូច, ការគ្រប់គ្រងវិស័យធានារ៉ាប់រង និងនីតិវិធី នៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ឱ្យបាន កាន់តែទូលំទូលាយដល់សាធារណជននៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ដូចជាតួនាទី និងភារកិច្ច របស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងកិច្ចការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជន លើការប្រើប្រាស់សេវាធានារ៉ាប់រង។
សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងខ្នាតតូច ដែលជា ផលិតផលធានារ៉ាប់រងសម្រាប់អតិថិជនដែលមានចំណូលទាប ហើយផ្តល់នូវអត្ថប្រយោជន៍ក្នុងការជួយសម្រួល បន្ទុកហិរញ្ញវត្ថុនៅពេលកើតឡើងនូវហានិភ័យណាមួយ។
បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់ អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង និងកិច្ចការពារ ផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង។
សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក)និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានារ៉ាប់រងខ្នាតតូច និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹង ធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ដល់បន្ទុកហិរញ្ញវត្ថុ នៅពេលដែលមានបញ្ហាកើតឡើងដោយមិនបានដឹងមុន៕
សុខ គឹមសៀន









