អាជ្ញាធរខេត្តសៀមរាប ត្រៀមអបអរសាទរពិធីអង្គរសង្ក្រាន្ត​ឆ្នាំ ២០២៥

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប និងក្រុមការងារពាក់​ព័ន្ធ​កំពុង​រៀបចំ​ទីតាំងសម្រាប់ពិធីអង្គរសង្ក្រាន្ត។ ពិធីបុណ្យ​នេះនឹងប្រារព្ធនៅតំបន់សួរច្បារព្រះរាជដំណាក់ និងដង​ស្ទឹង​សៀមរាប ដែលជាទីតាំងសំខាន់បន្ថែមលើមុខ​ប្រាសាទ​អង្គរ​វត្ត ។

លោក សេង វិចិត្រ ប្រធានកម្មវិធីផ្សារទឹក (សហភាព​សហ​ព័ន្ធ​យុវជនកម្ពុជាខេត្តសៀមរាប) បានឲ្យដឹងថា កម្មវិធីផ្សារ​ទឹកស្ទឹងសៀមរាប កំពុងរៀបចំបានប្រមាណ ៨០% ហើយ ។ តំបន់ផ្សារទឹកនេះ ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានថ្មវត្ត​រាជបូណ៌ ហើយនឹងមានកម្មវិធីកម្សាន្តបួនចំណុចរួមមាន៖ ផ្សារ​លើទឹកដែលមានការលក់តាមទូក ,កម្មវិធីជិះទូកលេង​កំសាន្ត ,ការប្រគុំតន្ត្រីបុរាណ ,ពិព័រណ៍ផលិតផលនៅ​តាម​ដង​ស្ទឹងសៀមរាប ។

កម្មវិធីជិះទូកនឹងមានការ​ចូលរួម​ពី​ប្រជា​នេសាទចុងឃ្នៀស​ជាង ១២០ ទូក និងទូកហង្ស ៨ ទូកមកពីទន្លេអុំ។ ចំណូល​ពីការលក់សំបុត្រជិះទូក នឹងប្រគល់ជូនប្រជានេសាទ ដើម្បី​លើកស្ទួយជីវភាពសង្គមរបស់ពួកគាត់។

ក្នុងនាមជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោក សេង វិចិត្រ បានអំពាវនាវដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិឲ្យចូលរួមលើកស្ទួយវប្បធម៌ និងសេដ្ឋកិច្ច​សហគមន៍ក្នុងឱកាសអង្គរសង្ក្រាន្ត។ ជាពិសេស លោកក៏​បាន​សូមឲ្យអ្នកចូលរួមអភិរក្សសុវត្ថិភាពក្នុងការ​បើកបរ​ក្នុងឱកាសបុណ្យនេះ ដោយបំពាក់មួកសុវត្ថិភាព និងខ្សែ​ក្រវ៉ាត់សុវត្ថិភាព ៕

ដោយ ៖ ប៊ុនរដ្ឋា

ads banner