អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង អំណោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូន​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់​សាធា​រណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេស​ពង្រឹងការអនុវត្តន៍គោល​នយោបាយភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព ប្រកបដោយ​ប្រ​សិទ្ធ​ភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់​ចាម និងជាប្រធានគណៈ​បញ្ជា​ការឯកភាពខេត្ត បាន​អញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន និងជាប្រ​ធានក្រុមការងារចុះមូលដ្ឋាន​ខេត្តកំពង់ចាម និងលោកជំទាវ ជូនស្នងការដ្ឋាននគរបាល​ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់​ចាម បានស្នើដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើយ៉ាងណារៀបចំទុកដាក់ ក៏ដូចជាប្រើប្រាស់ទូកល្បឿន​លឿននេះ ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យប្រើ​ប្រាស់​បានយូរអង្វែង។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា ក៏ធ្លាប់​បានផ្តល់ទូកល្បឿនលឿន ចំនួន ២គ្រឿងផងដែរ ជូន​ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបាន​យកទៅ​ប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងបង្រា្កប​បទ​ល្មើ​សគ្រប់​ប្រភេទ តាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ លី ពៅ

ads banner