ហុងគ្រីមិនធ្វើតាមដីកា ​ICC ដែលបង្គាប់ឲ្យឃាត់ខ្លួនមេធំអ៊ីស្រាអែល

បរទេស៖ ប្រទេសហុងគ្រី ដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ មិនអនុវត្តតាមដីកា របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ដែលបង្គាប់ឲ្យចាប់ឃាត់ខ្លួន ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលធ្វើទស្សនកិច្ចនៅទីនោះ ហើយថែមទាំងប្រកាសថា ខ្លួននឹងចាកចេញពី ICC ទៀតផង។

លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសដកខ្លួនបែបនេះ ក្នុងពេលទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាបុគ្គលត្រូវបានតុលាការ ICC ចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្គាហ្សា។

លោក Netanyahu បានស្វាគមន៍ ការសម្រេចចិត្តនេះដោយលោកហៅថា “ក្លាហាន និងជាគោលការណ៍” ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះ តែងតែហៅ ICC ថា ជា “អង្គការពុករលួយ”។

ដោយបង្កើតឡើង ក្នុងឆ្នាំ ២០០២ តុលាការ ICC ​ស្វែងរកការកាត់ទោសបុគ្គល ដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរ របស់ពិភពលោក នៅពេលដែលប្រទេសសាម៉ី មិនអាចធ្វើដូច្នេះបាន ដោយខ្លួនឯង។

ជុំវិញការប្រកាសដកខ្លួន ពីសំណាក់ប្រទេសហុងគ្រី ICC សម្តែងការសោកស្ដាយ និងការព្រួយបារម្ភ ដោយនិយាយថា ការចាកចេញណាមួយ ធ្វើឱ្យប៉ះពាល់ដល់ “ការស្វែងរកយុត្តិធម៌រួមគ្នា” ។ ICCបានទទូចថា ប្រទេសហុងគ្រីមាន “កាតព្វកិច្ច” ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននេះ។ រីឯ អាជ្ញាធរប៉ាឡេស្ទីនបានជំរុញ ឱ្យប្រទេស ហុងគ្រី គោរពតាមដីការបស់តុលាការ ICC ដោយត្រូវ “ឃាត់ខ្លួនលោក Netanyahu ភ្លាមៗ នាំទៅកាត់ទោស” ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner