រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ ប្តេជ្ញាចិត្តពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នាឱ្យកាន់តែស្និទ្ធស្នាល សំដៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជន និងប្រជាជាតិទាំងពីរ។ ការប្តេជ្ញារបស់រដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីកាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់ចាប់ពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម Bendito dos Santos Freitas នឹងចូលជួបសម្តែង ការគួរសមចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី Bendito dos Santos Freitas នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីរិះរកវិធីសាស្ត្រថ្មីៗសម្រាប់ពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួម។ ទស្សនកិច្ចខាងមុខរបស់ឯកឧត្តម Bendito dos Santos Freitas នឹងបញ្ជាក់ពីការ ប្តេជ្ញាចិត្តនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស


