កម្លាំងសមត្ថកិច្ចខេត្តកំពត ជាង ១.០០០នាក់ និងដាក់​ពង្រា​យ​ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

(កំពត)៖ ដើម្បីរក្សាការពារភាពសុខសាន្ត ក៏ដូចជារក្សាបាន​នូវ​សណ្តាប់​ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជិតឆ្ងាយ​សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងប្រើប្រាស់កម្លាំងជាង ១.០០០នាក់ រួមបញ្ចូលជាមួយមន្ត្រីសមត្ថកិច្ច​ចំណុះគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីចល័ត និងឈរជើងតាម​គោលដៅសំខាន់ៗនៅទូទាំងខេត្ត។

លោក វរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំ​ពាក្យ​នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង​ឈានចូលមកដល់នាពេលខាងមុខ ស្នងការដ្ឋាននគរបាល​ខេត្តនឹងប្រើប្រាស់កម្លាំងនគរបាលចំនួន ១.០១៨នាក់ សហ​ការ​ជាមួយមន្ត្រីសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាព​ខេត្ត​ដាក់ឈរជើង និងចល័តតាមគោលដៅសំខាន់ៗដើម្បី​ការពារ​សន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ។

លោកស្នងការរងបានបន្តថា គោលដៅសំខាន់ៗនឹងត្រូវបែង​ចែកជា ៣ប្រភេទ រួមមាន កន្លែងរៀបចំពិធីកម្សាន្តសប្បាយ តាមដងផ្លូវដែលឧស្សាហ៍កើតឡើងនូវករណីកកស្ទះចរាចរ និងគ្រប់រមណីយដ្ឋានទូទាំងខេត្ត។ ចំពោះតំបន់ត្រជាក់​ត្រង់​ចំណុចរង្វង់មូលរូបសំណាកផ្លែទុរេន អង្គភាពបង្ការ និងពន្លត់​អគ្គិភ័យនឹងប្រើប្រាស់រថយន្តចំនួន ៤គ្រឿង សម្រាប់បាញ់​ទឹកជូនភ្ញៀវរាំលេងកម្សាន្តពេញរយៈពេល ៣ថ្ងៃ ។

លោកវរសេនីយ៍ឯកបានបន្តថា ក្រៅពីកិច្ចសហការនឹងកម្លាំង​កង​រាជអាវុធហត្ថ ប្រជាការពារ មន្ត្រីសុខាភិបាល មន្ត្រីអគ្គិស​នី និងគ្រប់ផ្នែកពាក់ព័ន្ធនៅលើដីគោក កម្លាំងស្នងការដ្ឋាន​នគរបាលខេត្តនឹងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលការពារព្រំដែនទឹករង់ចាំឃ្លាំមើល និងល្បាតតាមដងព្រែក លើផ្ទៃសមុទ្រដើម្បីត្រៀមជួយអ្នកធ្វើដំណើរកម្សាន្តតាមផ្លូវទឹកផងដែរ។ ជាមួយនេះ មន្ត្រីជំនាញក៏បានណែនាំដល់​ប្រតិ​បត្តិករ​ទេសចរណ៍ ពិសេសម្ចាស់អាជីវកម្មទូកដឹកភ្ញៀវឱ្យ​ប្រុង​ប្រយ័ត្នខ្ពស់ដោយមានការបំពាក់ឧបករណ៍បរិក្ខារការពារសុវត្ថិភាព និងហាមឃាត់ដាច់ខាតនូវការផ្ទុកលើសចំណុះ។

លោក ដាន វុត្ថា ក៏បានអំពាវនាវថា ក្នុងនាមតំណាងឱ្យ​លោកឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល​ខេត្តកំពត លោកសូមធ្វើការអំពាវនាវដល់អ្នក​បញ្ជាយាន​យន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានការយោគយល់អធ្យាស្រ័យគ្នាដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ ឬការខាតបង់ទ្រព្យធនផ្សេងៗ។

យ៉ាងណាមិញ ក្រុមយុវជនគ្រប់រូបត្រូវរក្សាភាពថ្លៃថ្នូរជាមួយ​ការកម្សាន្តតាមបែបប្រពៃណីជាតិ ហើយបញ្ចៀសឱ្យបាននូវ​ទង្វើ​មិនគប្បីដែលនាំឱ្យមានទោសទណ្ឌដល់ខ្លួន និងទុក្ខ​កង្វល់​សម្រាប់ក្រុមគ្រួសារក្នុងការលេងល្បែងដែលមិន​សមរម្យ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗ ៕

ដោយ ៖ សិលា សារិន

ads banner