ទេសចរអន្តរជាតិឈប់ទៅអាមេរិក ព្រោះមិនពេញចិត្តនឹងលោក Trump
បរទេស៖ ដោយសារតែខឹងនឹងគោលនយោបាយ តំឡើងពន្ធ និងនិរទេសជនអន្តោប្រវេសន៍ របស់លោក Trump អ្នកទេសចរអន្តរជាតិ មកពីប្រទេសនានា បានបង្កើនការធ្វើពហិការ ឈប់ធ្វើដំណើរកម្សាន្ត នៅសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា ផែនការធ្វើដំណើរទេសចរណ៍របស់ប្រជាជន ក្នុងបណ្តាប្រទេស ដូចជា កាណាដា អាល្លឺម៉ង់ អង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ ព័រទុយហ្គាល់ បានសម្រេចចិត្តឈប់ទៅសហរដ្ឋអាមេរិកវិញ ខណៈដែលចំនួននៃការធ្វើពហិការ របស់ភ្ញៀវទេសចរអន្តរជាតិ អាចនឹងបន្តកើនឡើង ថែមទៀត។
ជាការកត់សម្គាល់ កាណាដា ដែលជាប្រទេសធ្លាប់មានទេសចរ ២០លាននាក់ ទៅលេងនៅសហរដ្ឋអាមេរិក ជាប្រចាំឆ្នាំ ពេលនេះ ត្រូវបានមេដឹកនាំប្រទេសជំរុញឲ្យប្តូរចិត្តវិញ ព្រោះតែវិធានការតំឡើងពន្ធ ដាក់ចេញ ដោយលោក Donald Trump។ អតីត នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រាប់ទៅដល់ប្រជាជនថា «នេះគឺជាពេលដែលត្រូវជ្រើសរើសវិស្សមកាលរដូវក្តៅ ក្នុងប្រទេសវិញហើយ»។ ជាក់ស្តែង កាលពីខែកុម្ភៈ ការធ្វើដំណើរឆ្លងកាត់ព្រំដែន រវាងកាណាដា និងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ២០ភាគរយ។ បើតាមសមាគមធ្វើដំណើរអាមេរិក បានប៉ាន់ស្មានថា ការធ្លាក់ចុះកម្រិតនេះ អាចឲ្យអាមេរិកខាតបង់ ២.១ពាន់លានដុល្លារ និងបាត់បង់ការងារ ១៤,០០០កន្លែង។
អ្នកកាសែតទេសចរណ៍ កាណាដា នាង Kate Dingwall បាននិយាយថា «ដៃគូរបស់ខ្ញុំ និងខ្ញុំបានសម្រេចចិត្ត មិនបន្តដំណើរវិស្សមកាល ដែលបានគ្រោងទុករបស់យើង ទៅសហរដ្ឋអាមេរិក នៅឆ្នាំនេះទេ…ខ្ញុំបារម្ភអំពីព្រំដែន និងការជាប់គាំងដោយវិធីណាមួយ ជាពិសេស ជាមួយនឹងរបៀបដែល លោក Trump បង្កភាពច្របូកច្របល់ ចំពោះប្រទេសកាណាដា»។ នាងអះអាងថា «គ្មានអារម្មណ៍សប្បាយចិត្ត ទៅលេងអាមេរិក នៅពេលនេះទេ»៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត