Trump បង្ហាញកាតមាស៥លានដុល្លារផ្លូវការ អ្នកចង់ទិញកើនដល់ជិត៤០លាននាក់

បរទេស៖ នៅទីបំផុត លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញរូបរាងបណ្ណមាស តម្លៃ៥លានដុល្លារ ជាផ្លូវការ ស្របពេលដែលអ្នកចង់ទិញកើនដល់ជិត៤០លាននាក់ នៅជុំវិញពិភពលោក នេះបើតាមទីភ្នាក់ងារព័ត៌មាន Nypost។

លោក Trump បានបង្អួតដល់ក្រុមអ្នកកាសែត ក្នុងពេលធ្វើដំណើរ ទៅមូលដ្ឋានយោធា កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា «សម្រាប់បណ្ណ៥លានដុល្លារនេះ អាចជារបស់អ្នក! អ្នកដឹងទេ? នេះគឺជាកាតមាស គឺ កាត Trump»។ លោក Trump បានអះអាងទៀតថា លោក គឺជាអ្នកទិញកាតនេះដំបូងគេ ប៉ុន្តែ លោកមិនបានដឹងថា អតិថិជនលេខរៀង ទីពីរ ជានរណានោះទេ។ លោកបានពន្យល់ទៀតថា បណ្ណនេះនឹងត្រូវផលិតរួច និង ប្រគល់ជូនទៅដល់អ្នកអតិថិជន ក្នុងរយៈពេល ប្រហែលជាងពីរសប្តាហ៍ទៀត។

កម្មវិធីដាក់លក់ «ប័ណ្ណមាស» ដែលផ្តួចផ្តើមឡើង ដោយលោក Trump កាលពីខែកុម្ភៈ ហើយចូលមកជំនួសកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ «EB-5» មួយនេះ ទទួលបានការបញ្ជាទិញ ចំនួន១,០០០សន្លឹក រួចរាល់ហើយ ខណៈដែលមនុស្សជាង៣៧លាននាក់ទៀត មកពីបណ្តាប្រទេសជាច្រើន ក្នុងពិភពលោក មានគម្រោងពិរចាណាទិញ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បញ្ជាក់ឲ្យដឹង។

គួររម្លឹកថា «EB-5» ដែលជាកម្មវិធីចាស់ ទាមទារការវិនិយោគអប្បបរមា ជាង១លានដុល្លារ និងការបង្កើតការងារ ឲ្យបានយ៉ាងហោចណាស់១០កន្លែង ទើបអាចចូលសញ្ញាតបាន ប៉ុន្តែ កម្មវិធី «ប័ណ្ណមាស» ថ្មី របស់លោក Trump នេះ ជួយសម្រួលដល់ដំណើរការ កាន់តែងាយស្រួល កាន់តែលឿន ដោយលោកអះអាងថា ព្រោះផ្តោតជាចម្បង លើចំនួនទឹកប្រាក់វិនិយោគ ដោយ មិនត្រូវការ ការបង្កើតការងារ ជាក់លាក់ នោះទេ៕

ប្រភពពី Nypost ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner