អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបើកវគ្គបំប៉នគ្រូឧទ្ទេសឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តមសិក្សា

(ភ្នំពេញ)៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុនបានសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបើកវគ្គសិក្ខាសាលាស្តីអំពីការអភិវឌ្ឍគ្រូបង្រៀន ដល់គ្រូឧទ្ទេសដែលពាក់ព័ន្ធមានរយៈពេល៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ក្នុងការអភិវឌ្ឍសៀវភៅកម្មវិធីសិក្សាលម្អិត ការវាយតម្លៃលើការសិក្សារបស់គរុនិស្សិត និងវិធីសាស្ត្រនៃការផ្តល់មតិត្រលប់។

លោកស្រី កែវ មនោរម្យ នាយិកានៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានលើកឡើងថាសិក្ខាសាលារយៈពេល៣ថ្ងៃនេះ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទាំងអស់បានសិក្សា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅស្វែងរកធាតុចូល ដើម្បីជាគន្លឹះក្នុងការអភិវឌ្ឍសៀវភៅកម្មវិធីសិក្សាលម្អិតឆ្ពោះទៅរកស្តង់ដាកម្រិតឧត្តសិក្សាម្រាប់គ្រូឧទ្ទេសយកទៅបង្រៀនដល់គរុនិស្សិតដែលក្លាយជាគ្រូអប់រំកាយនៅតាមសាលារៀនមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។

លោកស្រីនាយិការំពឹងយ៉ាងមុតម៉ាំថា បន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលាមួយនេះគ្រូឧទ្ទេសនឹងមានចំណេះដឹងក្នុងការបង្រៀនប្រកបដោយវិជ្ជាជីវៈ។

លោកស្រី មើក ម៉ារ៉ា ជាគ្រូឧទ្ទេសមួយរូបដែលចូលរួមនៅក្នុងសិក្ខាសាលាបានថ្លែងឱ្យដឹងថា សម្រាប់លោកស្រីផ្ទាល់ ចំណេះដឹងដែលទទួលពីសិក្ខាសាលាមួយនេះ លោកស្រីនឹងយកទៅចងក្រងបន្ថែមលើកម្មវិធីបង្រៀនដើម្បីតម្រង់ទិសសម្រាប់បង្រៀនគរុនិស្សិតប្រកបដោយគុណភាព និងកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សាដែលវិទ្យាស្ថានគ្រោងវិវឌ្ឍនាពេលខាងមុខ។

លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្នុងការជំរុញវគ្គបំប៉នបង្កើនចំណេះដឹងដល់គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រឯកទេសអប់រំកាយ។

លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាជឿជាក់ថា សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់ នឹងនាំយកចំណេះដឹងតាមរយៈការពិភាក្សារួមគ្នា ការផ្លាស់ប្តូរយោបល់រវាងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងគ្រូឧទ្ទេស ទៅបន្តអនុវត្តបន្ថែមក្នុងការរៀបចំសៀវភៅកម្មវិធីសិក្សាលម្អិតបង្រៀនគរុនិស្សិត ការវាយតម្លៃលើការសិក្សារបស់គរុនិស្សិត និងវិធីសាស្ត្រផ្តល់មតិត្រលប់ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកធនធានគ្រូបង្រៀនអប់រំកាយនៅតាមសាលារៀន។

លោក ដួង មាសចំរើន បានថ្លែងបញ្ជាក់ទៀតថាផ្អែកតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនបានរៀបចំឡើងដើម្បីគាំទ្រដល់គ្រូឧទ្ទេសក្នុងការអភិវឌ្ឍន៍អាជីព និងបន្តអភិវឌ្ឍន៍វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ព្រមជាមួយនឹងគុណតម្លៃ។ ស្តង់ដានេះជាផ្នែកមួយនៃគោលដៅលើកកម្ពស់គុណភាពអប់រំដែលជាធាតុចូបានមកពីការស្រាវជ្រាវអប់រំ ក៏ដូចជាទ្រឹស្តីគរុកោសល្យនៃការសិក្សាឧត្តមមានុវឌ្ឍលក្ខណៈសកលក្នុងការគ្រប់គ្រងបំពេញការងារ។ ជាមួយគ្នានេះគណៈគ្រប់គ្រងអប់រំគ្រូបង្រៀនអាចប្រើប្រាស់ស្តង់ដានេះជាមូលដ្ឋាននៃការរៀបចំប្រព័ន្ធគ្រប់គ្រង បំពេញការងារ និងធនធានមនុស្ស។

ការអភិវឌ្ឍមុខវិជ្ជា និងវិធីសាស្រ្តបង្រៀនត្រូវមានការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍមុខវិជ្ជា និងចំណេះដឹងទូទៅដែលជាមូលដ្ឋានសម្រាប់ការសិក្សាដូចជាការបង្កើតមធ្យោបាយជាច្រើនដើម្បីឱ្យគរុនិស្សិតអាចយល់ដឹង និងទទួលស្គាល់គន្លងនៃការអភិវឌ្ឍ ការបញ្ចូលជាមួយការសិក្សាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចជាការលើកស្ទួយប្រព័ន្ធសិក្សាដែលមានសមត្ថភាពឱ្យប្រើប្រាស់វិធីសាស្រ្ត និងធនធានសម្រាប់ការភិវឌ្ឍការសិក្សា។

សូមបញ្ជាក់ផងដែរថា ក្រៅពីគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចូលរួមចំនួន៣៥រូប និងមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សាចំនួន២រូប៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner