ជប៉ុនចាយជាង ២០០ លានដុល្លារផលិតមីស៊ីលថ្មីពីរប្រភេទ
តូក្យូ ៖ ប្រទេសជប៉ុនបានចំណាយលុយដល់ទៅជាង ២០០ លានដុល្លារ ដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលបញ្ជាទិសជាក់លាក់ថ្មី ដោយនិយាយថា ទុកប្រើទប់ទល់ការឈ្លានពានរបស់សត្រូវនាពេលអនាគត។
សារព័ត៌មាន Defense News បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុន និងក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries ហៅកាត់ (MHI) បានឈានដល់កិច្ចព្រមព្រៀងអភិវឌ្ឍមីស៊ីលថ្មីនេះ នៅក្នុងកិច្ចសន្យាតម្លៃ ២១៦ លានដុល្លារ ផលិតសម្រាប់យកងកម្លាំងស្វ័យការពារជប៉ុន។
នៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន MHI ភាគីទាំងពីរបានយល់ព្រមផលិតមីស៊ីលប្រភេទថ្មី បាញ់ចេញពីដីទៅដី និង មីស៊ីលបញ្ជាទិសជាក់លាក់បាញ់ចេញពីដីទៅនាវាមុជទឹករហូតដល់ឆ្នាំ ២០២៨ ហើយក្រសួងការពារជាតិជប៉ុនរំពឹងថា មីស៊ីលថ្មីនេះនឹងផលិតរួចរាល់នៅឆ្នាំ ២០៣២។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន កិច្ចសន្យានេះគឺជាផ្នែកមួយនៃផែនការបង្កើនសមត្ថភាពមីស៊ីលរបស់ជប៉ុន ខណៈដែលប្រទេសអាស៊ីមួយនេះ ប្រឈមមុខនឹងការគំរាមកំហែងជាច្រើនក្នុងតំបន់ ជាពិសេសទុកប្រើការពារខ្លួន និងកម្ចាត់កងទ័ពឈ្លានពាន៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា