រញ្ជួយដីមីយ៉ាន់ម៉ា ៖ បុរសម្នាក់នៅមានជីវិតក្រោយជាប់ក្នុងគំនរថ្ម ៥ ថ្ងៃ
ណៃពិដោ ៖ ជារឿងមិនគួរឱ្យជឿ បុរសម្នាក់នៅរស់រានមានជីវិត បើទោះបីជាជាប់ក្នុងគំនរផ្ទាំងថ្មសណ្ឋាគារដួលរលំអស់រយៈពេល ៥ ថ្ងៃក៏ដោយ។
ក្រុមសង្គ្រោះបានចាយពេលរាប់ម៉ោង ទម្រាំអាចទាញបុរសម្នាក់នោះ ចេញពីកំទេចកំទីផ្ទាំងថ្ម ទាំងដែលរូបគេស្ថិតក្នុងសភាពស្គមស្លេកស្លាំង គ្មានកម្លាំងកំហែង ដោយសារដាច់បាយ និងទឹកជាច្រើនថ្ងៃ ប៉ុន្តែនៅតែខិតខំប្រឹងប្រែងតស៊ូរង់ចាំការជួយសង្គ្រោះ។
ហ្វូងមនុស្សនៅទីតាំងជួយសង្គ្រោះ បាននាំគ្នាទះដៃអបអរសាទរ និង ទឹកមុខពោលពេញដោយស្នាមញញឹម ទាំងក្នុងចិត្តមានអារម្មណ៍ថា នេះគឺជារឿងមិនគួរឱ្យជឿ។
បើតាមសម្តីរបស់មន្រ្តីពន្លត់អគ្គិភ័យ បុរសអាយុ ២៦ឆ្នាំរូបនេះបានរួចផុតជីវិតពីសេចក្តីស្លាប់ ដោយសារមានការជួយពីក្រុមសង្គ្រោះមីយ៉ាន់ម៉ា និងតួកគី ចេញពីគំនរផ្ទាំងថ្មសណ្ឋាគារ Aye Chan Thar នៃទីក្រុងណៃពិដោ នៅម៉ោងប្រហែល ១២និង៣០នាទីព្រឹកកាលពីថ្ងៃពុធ។
គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្តកើនឡើងដល់ប្រហែល ៣.០០០ នាក់ហើយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា