ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមានប្រសាសន៌ថា៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកើតឡើង។ ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស ។
ឯកឧត្តម ឃួង ស្រេង បានណែនាំបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមអភិបាល បានណែនាំជាពិសេសត្រូវធានាបានការពារផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈពួកគាត់ទៅលេងស្រុកកំណើតអស់ ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើនឲ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង ។
ឯកឧត្តមបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ចរន្តអគ្គិសនី ដែលនាំឱ្យកើតជា អគ្គិភ័យជាយថាហេតុ ។ ចំពោះយុវជនមួយដែលលេងប៉ាតម្សៅ ជះទឹក បាញ់ទឹក ខុសទំនង ឬហួសហេតុ ដែបង្កផលប៉ះពាល់ដល់អ្នកដំណើរតាមម៉ូតូ តាមរថយន្ត តាមផ្លូវជាដើម អាជ្ញាធរ ក៏ត្រូវពនិត្យមើលផងដែរ។
ក្រោយចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអញ្ជើញចុះពិនិត្យទីតាំងព្រឹត្តិការណ៍រៀបចំសង្រ្គាន្តវត្តភ្នំឆ្នាំ២០២៥នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងបានណែនាំផ្នែកជំនាញឱ្យរៀបចំបានល្អ ពិសេសណែនាំដល់ក្រុមវឌ្ឍនះឱ្យសរសេរអក្សជាតិឱ្យធំអក្សអន្តជាតិតូចជាងហើយអក្សជាតិនៅខាងលើហើយដកខ្លោងទ្វាររបស់ក្រុមហ៊ុនឱ្យឆ្ងាយពីវត្តភ្នំបន្តិចឱ្យទៅជាប់ខាងមុខក្រសួងរ៉ែនិងឋាមពលលើមហាវិថីនរោត្ដមវិញ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ







