មន្ត្រីជាន់ខ្ពស់សុខាភិបាល ឱ្យបង្កើនការស្វែងរកអ្នកដែល​មានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមិន​ទាន់​ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។

ការស្នើរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIRE នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណ ការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលី ដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។

លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា ជាក់ស្តែងព្រឹត្តិការណ៍ នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងថ្ងៃនេះ ក៏បានបង្ហាញផងដែរ ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ ខាណា (KHANA) ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នា ឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿន ការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឱ្យទទួលបានការព្យាបាលទាន់ពេល។

ជាមួយគ្នានោះដែរ លោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងជាប្រធានគម្រោង SHIFT-TB និង SAPPHIRE បានលើកឡើងថា គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈសមាហរណកម្មបទអន្តរាគមន៍លើកត្តាហានិភ័យ និងការស្វែងរកករណីរបេង ហៅកាត់ថា គម្រោង (SHIFT-TB) និងគម្រោងភាពជាដៃគូរអាស៊ីប៉ាស៊ីហ្វិក និងទីក្រុងស៊ីដនី សម្រាប់វិស័យសុខាភិបាល បែបនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីមានភាពធន់ ហៅកាត់ថា គម្រោង (SAPPHIRE) មានរយៈពេល ៤៨ខែ ចាប់ពី២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈបទអន្តរាគមន៍រួមបញ្ចូលកត្តាប្រឈមនានា និងការស្វែងរកករណីរបេង ឬ(SHIFT-TB) នឹងត្រូវអនុវត្តជាបីជុំ ក្នុងភូមិទាំង៩០ ជាមួយនឹងប្រជាជន ជាគោលដៅទាំងអស់ក្នុងភូមិទាំង ៩០នេះ គ្របដណ្តប់ខេត្តចំនួន ២ គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ។

លោក បានបញ្ជាក់ថា គោលដៅរួមនៃគម្រោង គឺពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈការអនុវត្តនូវអន្តរាគមន៍ ការស្រាវជ្រាវ របេងសកម្ម ក្នុងសហគមន៍ទាំងមូល និងអនុវត្តការផ្តល់សេវាថែទាំរួមបញ្ចូលគ្នា សម្រាប់អន្តរាគមន៍ កត្តាប្រឈម នឹងជំងឺរបេង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner