ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១.៦៣៧ម៉ែត្រ នៅក្រុងស្ទឹងសែន ចាប់ផ្តើមសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១.៦៣៧ ម៉ែត្រ ត្រូវបានបើកដំណើរការជាផ្លូវការ នៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងថា ផ្លូវនេះគឺជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលធ្លាប់ប្រឈមមុខនឹងបញ្ហាធ្វើដំណើរលំបាក និងមានហានិភ័យ។ ការសាងសង់ផ្លូវ DBST នេះ គឺមានគោលបំណងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល សុវត្ថិភាព និងចំណេញពេលវេលា។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា ផ្លូវនេះមានប្រវែងសរុប ១.៦៣៧ ម៉ែត្រ ដោយក្នុងនោះ ភូមិកំពង់ក្របៅមានប្រវែង ៨៦៥ ម៉ែត្រ និងភូមិក្រចាប់មានប្រវែង ៧៧២ ម៉ែត្រ។ ផ្លូវនេះក៏មានសារៈសំខាន់ជាទំនប់សន្តិភាពសម្រាប់ទប់ទឹក និងការពារទឹកជំនន់ចូលក្រុងផងដែរ។

ក្នុងឱកាសនេះ អភិបាលខេត្ត ឯកឧត្ដម នួន ផារ័ត្ន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាប្រយោជន៍រួមនេះ ដើម្បីឱ្យផ្លូវ DBST មានអាយុកាលយូរ និងបំពេញបម្រើដល់សហគមន៍បានយ៉ាងប្រសើរ ៕

ដោយ ៖ ប៊ុនរដ្ឋា

ads banner