បំបួសកុលបុត្រ ១០៨រូប នៅក្រុងសៀមរាប ដើម្បីថ្លែង​អំណរ​គុណបិតាមាតា

(សៀមរាប)៖ រសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ សាលាអនុគណក្រុងសៀមរាប បានសហការជាមួយ​មន្ទីរធម្មការ និងសាសនាខេត្ត សម្រេចរៀបចំពិធីកោរសក់ និងបំបួសកុលបុត្រ ចំនួន ១០៨ រូប នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមព្រះវត្តមានរបស់ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដែលជាតំណាងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ពិធីនេះអនុវត្តនៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥​ ដោយមានគោលបំណងផ្តល់​ឱកាស​ឲ្យកុលបុត្របានសិក្សាសីលធម៌ តាមលំអា​ន​ព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរ។

លោក ឌី រ៉ាដូ បានថ្លែងថា ពិធីបួសកុលបុត្រជាប្រពៃណីដ៏មានតម្លៃ ដែលបង្ហាញពីការស្ម័គ្រចិត្តលះបង់ក្នុងវ័យក្មេង ដើម្បីសងគុណដល់លោកឪពុក អ្នកម្ដាយ និងអ្នកមានគុណទាំងឡាយ។ គេជឿថា “បួសសាមណេរសងគុណម្ដាយ បួសភិក្ខុសងគុណឪពុក”។ ពិធីកោរសក់ជាដំណាក់កាលដំបូងសំខាន់មួយ មុនពេលបញ្ចូលបួសជាផ្លូវការ។

ក្រៅពីនេះ លោកក៏បានលើកឡើងថា វិស័យពុទ្ធសាសនានៅក្នុងខេត្តសៀមរាបកំពុងរីកចម្រើនជាបន្តបន្ទាប់ទាំង វិស័យពុទ្ធចក្រនិងអាណាចក្រ និងការគ្រប់គ្រង ការផ្សព្វផ្សាយព្រះធម៌ និងការអប់រំពុទ្ធិកសិក្សា។ ទោះយ៉ាងណា គេត្រូវបន្តពង្រឹងការអនុវត្តយុទ្ធសាស្រ្ត សំខាន់ៗដូចជា ការកាត់បន្ថយអធិករណ៍ក្នុងវត្ត ការកែលម្អការគ្រប់គ្រង និងការបណ្តុះចិត្តសុច្ចរិតសីលធម៌ជូនយុវជន។

នៅក្នុងពិធីនេះផងដែរ លោក ឌី រ៉ាដូ បានប្រគេនប្រាក់ចំនួន ២ លានរៀល ដែលជាបច្ច័យរបស់ឯកឧត្ដមអភិបាលខេត្ត សៀមរាប ដើម្បីគាំទ្រដំណើរការពិធីកោរសក់ និងបំបួសកុលបុត្រនេះ ៕

ដោយ ៖ ប៊ុនរដ្ឋា

ads banner