ព្រះសង្ឃស្រោចទឹកប្រោះព្រហ្មជូនប្រជាពលរដ្ឋស្រុកសូទ្រនិគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥

(សៀមរាប​)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំ២០២៥ ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវជាតិ​សូត្រមន្ត និងស្រោចទឹកប្រស់ព្រហ្មដល់ប្រជាពលរដ្ឋ​នៅតាម​ផ្ទះនិមួយៗ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ដោយមាន​គោល​បំណងបណ្តេញគ្រោះចង្រៃនានាពីឆ្នាំចាស់ ហើយ​សូមសុភមង្គល សេចក្ដីសុខសប្បាយសម្រាប់ឆ្នាំថ្មី។
តាម​សំណើររបស់ប្រជាពលរដ្ឋក្នុងឃុំសំរោង ស្រុក​សូទ្រ​និគម ព្រះសង្ឃតែងតែបាននិមន្តមកសូត្រមន្តស្រង់ទឹក នៅលើសមាជិកគ្រួសារ សម្ភារៈប្រើប្រាស់ដូចជា ម៉ូតូ ឡាន ជាដើម។

លោកយាយ ភី រស់ ពីភូមិស្ទឹង ឃុំសំរោង បាន​ឲ្យដឹងថា ពិធីនេះជាប្រពៃណីដ៏យូរចំណាស់ មានចាប់​ផ្ដើមតាំងពី​ដូនតាជំនាន់មុន ហើយបានអនុវត្តជាបន្តបន្ទាប់​រហូត​ដល់សព្វថ្ងៃ។ លោកយាយបន្ថែមថា ប្រជាពលរដ្ឋ​មាន​ជំនឿថា ទឹកព្រះសង្ឃស្រង់ស្រពអាចបណ្ដេញ​សេចក្ដី​អាក្រក់ និងនាំសេចក្ដីសុខចម្រើនមកដល់។

ព្រះតេជគុណ ថង ចន្ថា ព្រះគ្រូចៅអធិការវត្តសំរោង បានដឹកនាំព្រះសង្ឃធ្វើពិធីនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ដោយលាតសន្ធឹងទៅដល់៥ឃុំ ក្នុងស្រុកសូទ្រ​និគម រួមមាន៖ ឃុំសំរោង ឃុំពពេល ឃុំចាន់ស ឃុំដំដែក និងឃុំតាយ៉ែក។ ព្រះសង្ឃបាននិមន្តទៅស្រោចទឹកប្រោះ​ព្រហ្មដល់ប្រជាពលរដ្ឋចាប់ពីម៉ោង ២ រសៀលតទៅ ជារៀងរាល់ថ្ងៃ រយៈពេល ៧ ថ្ងៃជាប់ៗគ្នា។

លោក ជា ប៉ុន នាយកសាលាអនុវិទ្យាល័យពពេល បានបញ្ជាក់ថា ពិធីនេះមានការអនុវត្តជារៀងរាល់ឆ្នាំ ហើយអាចចូលទៅក្នុងចិត្តអ្នកភូមិជាពិធីបុណ្យដែលអស្ចារ្យ បង្កើនទំនាក់ទំនង និងសេចក្ដីសុខរីកចម្រើនសម្រាប់គ្រួសារ​ទាំងមូល។ ប្រជាពលរដ្ឋជាច្រើនបានប្រាប់ផងដែរថា បើគ្មានពិធីនេះកើតមាន ក្នុងឆ្នាំថ្មី នឹងមានអារម្មណ៍មិន​ស្រួលចិត្ត។

ព្រះតេជគុណ ជឿត គឹមអាង ព្រះគ្រូសូត្រស្តាំវត្តសំរោង ក៏បាន​បញ្ជាក់ថា ពិធីនេះកំពុងក្លាយជាប្រពៃណីរឹងមាំ​បន្តទៅមុខ ដោយមានការចូលរួមយ៉ាងច្រើនពីប្រជា​ពលរដ្ឋគ្រប់វ័យ។ ជំនឿរបស់ប្រជាជនខ្មែរ​ទាំង​មូល​ស្របនឹងពិធីនេះគឺ ទឹកជាតំណាងនៃភាពត្រជាក់ ត្រជុំ និងជាការស្រង់សេចក្ដីសុភមង្គល តាមរយៈការប្រោះព្រហ្ម ព្រមទាំងជាការបង្កើតបុណ្យកុសលសម្រាប់ជាតិនេះ និងជាតិក្រោយផងដែរ។ ពីនេះយើងអាចឃើញថា ប្រពៃណីនិងជំនឿស្រង់ទឹកប្រោះព្រហ្មនៅតាមផ្ទះនិមួយៗ នៅក្នុងឃុំសំរោង និងឃុំពពេល បានក្លាយជាផ្នែកមួយ​នៃអត្តសញ្ញាណវប្បធម៌ជាតិ ខ្មែរយើង ៕

ដោយ ៖ ​ប៊ុន​រដ្ឋា

ads banner