ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាទ្វេភាគី​ជាមួយរដ្ឋមន្ត្រីការបរទេសយទីម័រឡេស្តេ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Bendito Dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិ​បត្តិ​ការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអ​ញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៥ ដើម្បី​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​រវាងប្រទេសទាំងពីរ។ ឯកឧត្តមបានចូលជួបសម្តែង​ការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សា​ទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ។

កិច្ចពិភាក្សារវាងឯកឧត្តម Bendito Freitas ជាមួយ ឯកឧត្តម ប្រាក់ សុខុន បានគ្របដណ្តប់ លើវិស័យមួយ​ចំនួននៃកិច្ចសហប្រតិបត្តិការ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ​បាន​គូសបញ្ជាក់ពីសារៈ សំខាន់នៃការប្រាស្រ័យទាក់ទង​កម្រិតខ្ពស់ជាទៀងទាត់ ដើម្បីរក្សាសន្ទុះវិជ្ជមាននៃទំនាក់​ទំនងកម្ពុជា- ទីម័រឡេស្តេ។

ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី Bendito Freitas ថាជាជំហានដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងនិងការប្តេជ្ញាធ្វើឱ្យកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធ។

ឯកឧត្តមរដ្ឋមន្ត្រី Freitas បានអញ្ជើញឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួល យកការអញ្ជើញដោយក្តីរីករាយ។

ទេសទាំង រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាព​ជំរុញ​ឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទ ពន្លឿនកិច្ចខិតខំប្រឹងប្រែង​ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌដែលមាន ស្រាប់ រួមមាន៖ អនុស្សរណៈនៃការយោគ​យល់​គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ​បច្ចេកទេស និងសេដ្ឋកិច្ច និង អនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម​នៃប្រទេស ទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពពន្លឿនការបញ្ចប់ MoU ស្តីពីទេសចរណ៍ ក្នុងគោល បំណងជំរុញការផ្លាស់ប្តូរ​ទេសចរណ៍រវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីកិច្ច​សហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង ធនាគារ និងការអប់រំ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុង​ការ​បង្កើនកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ហើយបាន​ឯកភាពថា តំណាងនៃប្រទេសទាំងពីរគួរតែសម្រប​សម្រួល​ឱ្យកាន់តែ ជិតស្និទ្ធថែមទៀតលើបញ្ហាពហុភាគីដែល​ជាផល​ប្រយោជន៍រួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះការក្លាយជាសមាជិក​អាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ ឱ្យបានឆាប់នាពេល​ខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រី Bendito Freitas បានវាយ​តម្លៃ​ខ្ពស់ចំពោះការគាំទ្រជាបន្តបន្ទាប់ និងតួនាទីដ៏ សកម្ម​របស់កម្ពុជា ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន នាឆ្នាំ​២០២២ ដែលឈានដល់កិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំ​អាស៊ានជាគោលការណ៍ ក្នុងការទទួលទីម័រឡេស្តជាសមា​ជិកទី១១ របស់អាស៊ាន៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner