ក្រុមហ៊ូទីយេម៉ែនវាយប្រហារទាំងអ៊ីស្រាអែល និង អាមេរិក
សាណាអា ៖ ក្រុមហ៊ូទីនៅយេម៉ែន នៅព្រឹកថ្ងៃសៅរ៍នេះ ប្រកាសថា ខ្លួនបានបញ្ជាយន្តហោះដ្រូនវាយលុកគោលដៅយោធាអ៊ីស្រាអែលក្នុងទីក្រុង Tel Aviv និង បានបាញ់មីស៊ីលទម្លាក់យន្តហោះដ្រូនចារកម្មអាមេរិកនៅខេត្តសាអាដា ភាគខាងជើងនៃប្រទេសយេម៉ែន។
បើតាមអ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea ក្រុមខ្លួនបានប្រើមីស៊ីលបាញ់ចេញដីទៅដី ទើបអាចទម្លាក់យន្តហោះដ្រូនចារកម្មអាមេរិក Giant Shark F360 ដែលហោះឆ្វែលពីលើខេត្តសាអាដា។
កាលពីថ្ងៃសុក្រ លោក Sarea ក៏បានអះអាងដែរថា ក្រុមខ្លួនបានបើកការវាយប្រហារចំនួនពីរលើក ទៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងអមដំណើរនៅសមុទ្រក្រហមភាគខាងជើង។ ភ្លាមៗ យោធាអាមេរិកមិនបានធ្វើអត្ថាធិប្បាយទេ។
ភាពតានតឹងរវាងក្រុមហ៊ូទី និង យោធាអាមេរិក បានកើនឡើងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសថ្មីលើប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា ដើម្បីរារាំងក្រុមហ៊ូទី ពីការវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវាចម្បាំងនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

