រុស្ស៊ីបាញ់មីស៊ីលកម្ទេចស្រុកកំណើតលោក ហ្សេលេនស្គី ជាថ្មី កុមារ ៩ នាក់ស្លាប់
កៀវ ៖ មន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោង Iskander-M វាយប្រហារទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់មេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់ ក្នុងនោះមានកុមារ ៩នាក់ និង ៦១នាក់ទៀតរងរបួស។
ភ្លាមៗ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខអះអាងថា មន្ត្រីយោធាអ៊ុយក្រែន និងបរទេសដល់ទៅ ៨៥ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើទីក្រុង Kryvyi Rih ហើយរថយន្ត ២០ គ្រឿងត្រូវបានបំផ្លាញ។
ប៉ុន្តែអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងព្យាយាមបិទបាំងឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ខ្លួន ដោយផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀត ពីព្រោះការវាយប្រហារចុងក្រោយនេះ បានបាញ់ចំ តំបន់ លំនៅឋាន និងកន្លែងក្មេងលេង។
ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា អ៊ុយក្រែនបានជួបប្រទះការវាយប្រហាររបស់រុស្ស៊ីស្ទើរជារៀងរាល់ថ្ងៃ។ ហើយរាល់ថ្ងៃ មនុស្សត្រូវបានសម្លាប់ ដែលនេះសបញ្ជាក់ថា រុស្ស៊ីមិនចង់បានបទឈប់បាញ់ទេ។
ទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់លោក Zelensky នៅតែជាគោលដៅរងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី។ ទីក្រុងនេះមានប្រជាជនប្រហែល ៦៦០.០០០ នាក់ និង ជាទីក្រុងធំជាងគេទី ២ នៅតំបន់ Dnipropetrovsk ហើយស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ពីសមរភូមិជួរមុខ៕
ប្រភព ៖ Kiev Independent ប្រែសម្រួល ៖ ឈឹម ទីណា


