កុងហ្គោចង់ដោះដូររ៉ែរាប់ពាន់លាន ដើម្បីពឹងអាមេរិកឱ្យជួយបញ្ចប់ជម្លោះ

បរទេស៖ កុងហ្គោ ដែលជាប្រទេសកំពុងមានជម្លោះយ៉ាងស្មុគ្រស្មាញអូសន្លាយអស់ជាច្រើនឆ្នាំមិនទាន់បញ្ចប់ កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដោយដោះដូរធនធានរ៉ែយ៉ាងមហាសាលរបស់ខ្លួនជាថ្នូរនឹងការជួយអន្តរាគមន៍ឈានទៅបញ្ចប់ជម្លោះដ៏រាំរ៉ៃក្នុងប្រទេសរបស់ខ្លួន។

នេះបើតាមការបញ្ជាក់ពីមន្ត្រីរបស់លោក Trump ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសកុងហ្គោ មានស្ថានភាពតានតឹងខ្លាំងនៅភាគខាងកើត ដែលមានជម្លោះអស់ជាច្រើនទសវត្សរ៍មកហើយ ជាមួយក្រុមប្រដាប់អាវុធជាង ១០០ដែលភាគច្រើនកំពុងប្រជែងដណ្តើមយកទឹកដីនៅក្នុងតំបន់សម្បូររ៉ែ នៅជិតព្រំដែនជាមួយប្រទេសរវ៉ាន់ដា។ ជម្លោះនេះបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានមនុស្សជាង ៧លាននាក់ត្រូវភៀសខ្លួន ជាក់ស្តែងក្នុងឆ្នាំនេះមានមនុស្សប្រមាណ ១០០,០០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ខ្លួន។

ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Donald Trump ប្រចាំទ្វីបអាហ្រ្វិក លោក Massad Boulos ទើបបានពិភាក្សាជាមួយប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi នៅទីក្រុង Kinshasa ដោយលោកអះអាងថាការពិភាក្សានេះ ពាក់ព័ន្ធនឹងការវិនិយោគរាប់ពាន់លានដុល្លារ។ តែ លោក មិនបានផ្តល់ព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀង សក្តានុពល នៅឡើយទេ។

លោក Boulos គ្រាន់តែនិយាយថា យើងបានពិនិត្យសំណើរបស់កុងហ្គោ ហើយលោកប្រធានាធិបតីកុងហ្គោបានយល់ព្រមលើផ្លូវឆ្ពោះទៅមុខ សម្រាប់ការអភិវឌ្ឍរបស់ខ្លួន។ លោក Boulos បានបន្ថែមទៀតថា ក្រុមហ៊ុនអាមេរិកនឹងធ្វើប្រតិបត្តិការប្រកបដោយតម្លាភាព ហើយនឹងជំរុញសេដ្ឋកិច្ចក្នុងស្រុក។

កុងហ្គោ គឺជាប្រទេសផលិតរ៉ែដ៏ធំបំផុតរបស់ពិភពលោក ដែលជាសារធាតុប្រើប្រាស់ សម្រាប់ផលិតថ្មលីចូម រថយន្តអគ្គិសនី និងស្មាតហ្វូន ជាដើម។ ប្រទេសនេះ ក៏មានទុនបំរុង ជា មាស ពេជ្រ និងទង់ដែង យ៉ាងច្រើន ផងដែរ។ លោក ប្រធានាធិបតី Tshisekedi បាននិយាយ កាលពីខែមុនថា លោកបើកចំហចំពោះកិច្ចព្រមព្រៀង ស្តីពីការអភិវឌ្ឍរ៉ែសំខាន់ៗ ជាមួយសហរដ្ឋអាមេរិក ប្រសិនបើការចូលរួមរបស់អាមេរិក អាចជួយកម្ចាត់ក្រុមបះបោរ និងបង្កើនសន្តិសុខនៅក្នុងប្រទេស។

គួរកត់សម្គាល់ថា លោក Trump ក៏កំពុងប្រើវិធីសាស្ត្រ ស្រដៀងគ្នា ជាមួយអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី ផងដែរ៕

ប្រភពពី AP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner