អ្នកជំនាញវេទិកាសេដ្ឋកិច្ចពិភពលោក បានមើលឃើញ កម្ពុជា អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនកាន់តែល្អជាបន្តបន្ទាប់តាមតារាងសន្ទស្សន៍

(ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ចពិភពលោកបានផ្តល់ ពិន្ទុល្អដល់កម្ពុជាលើការដាក់ចេញនូវគោលនយោបាយនិងផែនការសកម្មភាពត្រូវទិសដៅដែលជួយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ដោយទទួលបានពិន្ទុ ៣,៥៧ លើ៧ និងពិន្ទុ ៦,១៤លើកត្តាសុវត្ថិភាព និងសន្តិសុខ តាមតារាងសន្ទស្សន៍ Travel & Tourism Development Index ឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។

នេះបើតាមការឱ្យដឹងពី លោកស្រី Miranda Andruccioli អ្នកជំនាញការមកពីវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ លោកស្រី Miranda Andruccioli បានលើកឡើងអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវេទិកាសេដ្ឋកិច្ចពិភពលោកដែលជាអង្គការអន្តរជាតិដ៏ធំមានទីស្នាក់ការនៅប្រទេសស្វីស និងជាអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំដ៏ល្បីដែលហៅថា Davos Summit និងក្រសួងទេសចរណ៍ ព្រមទាំងបានពាំនាំនូវការគោរពអញ្ជើញរបស់លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកជូនឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (16th Annual Meeting of the New Champions) នាខែមិថុនា នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងរៀបចំឱ្យមានកិច្ចសហការក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយទប់ស្កាត់នូវព័ត៌មានមិនពិតពីកម្ពុជា ដែលកម្ពុជាជាគោលដៅមានសន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅជុំវិញផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងពិភពលោក ។

សូមជ្រាបជូនថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោកនេះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យធុរកិច្ច ពីផ្នែករដ្ឋាភិបាល សង្គមស៊ីវិល អង្គការអន្តរជាតិ សហគ្រិន បញ្ញវន្ត និងអ្នកច្នៃប្រឌិតថ្មីជាង ១៥០០នាក់ពីជុំវិញពិភពលោក ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner