សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា។

សម្តេចធិបតី ក្រើនរំលឹកដល់កងទ័ពទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងខឿនការពារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈទំាងផ្លូវអាកាស ទឹក និងជើងគោក៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី

ads banner