សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអនុញ្ញាតឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។ ការបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតីបានមានប្រសាសន៍បន្តថា មានប្រទេសជាច្រើនក្នុងតំបន់បានដាក់ឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួនដោយចំហ។ តែកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។ ដោយសម្តេចបានលើកឡើង បើកម្ពុជាចង់បើកឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាមែននោះ គឺកម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រានោះគឺបានហើយ តែកម្ពុជាមិនមានបំណង មិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រានេះនោះទេ ដោយកម្ពុជាប្ដេជ្ញាបន្តគោរពតាមរដ្ឋធម្មនុញ្ញដែលមានស្រាប់ជាដដែល។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅពេលដែលមិត្តបរទេសមួយចំនួនបង្ហាញពីការបារម្ភចំពោះចិនដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា សូមបញ្ជាក់ទៅមិត្តបរទេសទាំងនោះថា គ្មាននរណាស្រឡាញ់អធិបតេយ្យកម្ពុជា ការពារអធិបតេយ្យកម្ពុជា ជាងកម្ពុជានោះទេ។ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។ ការរធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។ ក្រោយមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមបញ្ចប់ការសាងសង់រួចហើយ កម្ពុជាស្វាគមន៍ភាគីមិត្តបរទេសទាំងអស់ មកធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកម្ពុជានៅមជ្ឈមណ្ឌលនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner