សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ មិនមានការអនុញ្ញាតឱ្យកងទ័ពបរទេស មកដាក់នៅកម្ពុជា ដាច់ខាត
(ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយ ដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌល ភស្តុ ភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា។

សម្ដេចធិបតី ក៏បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ។ សម្ដេចបញ្ជាក់ថា ការបិទមិនឱ្យមាននាវាបរទេសចូលមូលដ្ឋានសមុទ្ររាមកាលពីប៉ុន្មានឆ្នាំមុនគឺដោយសារមូលដ្ឋាននេះកំពុងធ្វើទំនើបកម្មការពារគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ សម្ដេចបន្ថែមថា ចាប់ពីថ្ងៃនេះតទៅកម្ពុជាគ្មានហាមឃាត់ទៀតនោះទេ ។ ចាប់ផ្ដើមពីថ្ងៃនេះទៅ កម្ពុជានឹងស្វាគមន៍នូវភាគីមិត្តទាំងអស់ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាម ដោយយើងគ្មានអីលាក់លៀមទេ ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងដែរថា មូលដ្ឋានសមុទ្ររាម បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រោមការចោទប្រកាន់ជាបន្តបន្ទាប់ពីមជ្ឈដ្ឋាននានាថា មូលដ្ឋានសមុទ្រនេះ អាចនឹងត្រូវបានប្រទេសចិនប្រើប្រាស់ ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលជាបន្តបន្ទាប់ ព្រមទាំងបង្ហាញតម្លាភាពនៃដំណើរការសាងសង់ផងដែរ ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កន្លងមក ទោះបីជាមានការចោទប្រកាន់ឥតឈប់ឈរមកលើសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជា នៅតែប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួន និងសូមគូសបញ្ជាក់ជាថ្មីឡើងវិញថា កម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ និងគ្មានមហិច្ឆតាបង្កការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយនោះឡើយ ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបន្ថែមថា បន្ទាប់ពីបញ្ចប់ដំណើរការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជា នឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងឱកាសឱ្យកាន់តែទូលំទូលាយ នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រ ជាមួយដៃគូរអន្តរជាតិ នៅក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តជាតិ ស្តីពី សន្តិសុខលំហសមុទ្ររបស់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
