ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត

(ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឧ្យដឹងថាគិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner