រដ្ឋបាលខេត្តសៀមរាបអញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើងនៅខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សៀមរាប​៖គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង​លោក លី សារី អភិបាល​រងខេត្ត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរ​សុខទុក្ខព្រមទាំងនាំយកអំណោយ​ទៅជូនកងពលតូចអន្តរាគមន៍លេខ ៥ ដែលឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។អង្គភាព​​នេះជា អង្គភាព​នៅសមរភូមិជួរមុខទិសទី ៣ នៃយោធ​ភូមិភាគ​ទី ៤ និងជាសម្ព័ន្ធមិត្តភាពជាមួយរដ្ឋបាលខេត្តសៀមរាប។

ក្នុងឱកាសនោះគណៈប្រតិភូបានកោតសរសើរចំពោះការលះបង់ខ្ពស់របស់វីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ ៥ ព្រមទាំងប្រសិទ្ធពរ​ជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។

ចំណែកអំណោយដែលនាំទៅផ្តល់ជូនមាន ថវិកា ២០ លានរៀល មី ១៥០ កេស ស្រាបៀរ ៥០ កេស គ្រឿងភេសជ្ជៈ ៥០ កេសទឹកសុទ្ធ ២០០ យួរ ត្រីខ ១០ កេស ប្រេងម៉ាស៊ូត ២ ០០០ លីត្រ ស័ង្កសី ២ ០០០ សន្លឹក ធុងដាក់ប្រេង ១០អំពូល​សូឡា ៥ គ្រឿង គោ ២ ក្បាល ជ្រូក ៤ ក្បាល សាច់មាន់ ៣៥ គីឡូក្រាម ថវិកា ២០ ០០០ រៀល ជូនដល់ពល​ទាហាននីមួយៗ។

ដោយឡែកកងពលធំអន្តរាគមន៍លេខ ២ ទទួលបានមី ៧០ កេស, ស្រាបៀរ ៥០ កេស និងថវិកា ៦ លានរៀល។ ចំណែកកងវរៈសេនា​តូច​ការពារព្រំដែនលេខ ១ របស់តំបន់ប្រតិបត្តិការសឹកសៀមរាប បានទទួលថវិកា ៣០ លានរៀល​ផងដែរ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner