ឯកឧត្តមប្រធានរដ្ឋឡាវ៖ វត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូក្នុងឱកាសដ៏ក្រៀមក្រំនេះ ជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង រវាងប្រទេសទាំងពីរ
នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតប្រធានរដ្ឋឡាវ។ ឯកឧត្តមប្រធានរដ្ឋបានថ្លែងថា៖ ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើព្រះរាជសារ និងលិខិតចូលរួមរំលែកទុក្ខ ជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ ខាំតៃ ស៊ីផាន់ដន។
ឯកឧត្តមប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋ បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ជាការបាត់បង់នូវវីរបុរសជាតិ ដែលមានស្នាដៃជាច្រើនចំពោះជាតិ មាតុភូមិ និងប្រជាជនឡាវ តាំងពីការចាប់ផ្តើមរំដោះប្រទេស, ការកសាង និងការអភិវឌ្ឍប្រទេស រហូតមកដល់បច្ចុប្បន្ន ព្រមទាំងជាឥស្សរជនមួយរូប ដែលចូលរួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណឯកឧត្តមប្រធានរដ្ឋឡាវ ដែលបានទទួលស្វាគមន៍សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតែ ស៊ីផាន់ដន។ សម្តេចធិបតី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស និងឥស្សរជនដ៏ឆ្នើម ដែលបានតស៊ូ និង លះបង់ ពេញមួយជីវិត ក្នុងការរំដោះ កសាង និងអភិវឌ្ឍជាតិ សម្រាប់ប្រទេស និងប្រជាជនឡាវ។ សម្តេចធិបតីក៏បានគូសរំលេចពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង កម្ពុជា-ឡាវ ដែលមិនត្រឹមតែមានទំនាក់ទំនងក្នុងការងារប៉ុណ្ណោះទេ ថែមទាំង មានទំនាក់ទំនងក្នុងមនោសញ្ចេតនាជាបង ជាប្អូន និង ជាក្រុមគ្រួសារ។ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីថា នឹងបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និង រីកចម្រើនបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត



