អភិបាលខេត្តកំពង់ចាម នាំអំណោយសម្តេចធិបតី ប្រគល់​ជូ​ន កងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេ​ត្រី​ភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អត្ថបទដោយ៖
លី ពៅ

(ឧត្តរមានជ័យ)៖​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២៥​ បាន​ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចម​ហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ចែកជូននាយទាហាន នាយទា​ហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍​លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាព​សម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ២០២៥​។​

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបា​ល ហើយរដ្ឋបាលខេត្តកំពង់ចាម​តែងតែចំណាយពេលវាលាក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។​

នៅក្នុងឧកាសនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងពលតូចអន្តរាគមន៍លេខ៦ បើទោះបីសម្តេចនាយករដ្ឋមន្ត្រីខកខានជួបជាមួយបងប្អូនមួយរយៈ យ៉ាងណាក៏ដោយ ប៉ុន្តែការជួបប្រជុំជាប្រចាំបានដាក់ចេញគោលការណ៍បទបញ្ជា ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើង ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ​ជូនកងកម្លាំងកងយោធពលខេមរៈភូមិន្តយើងទាំងអស់ មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន។​

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងទៀតថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែរយៈពេល១ខែមុន មានបញ្ហាខ្លះៗដែលបង្កដោយមិត្តភ័ក្រនៅជាប់របងជាមួយយើង បានបង្កើតនូវបាតុភាពអ្វី ឫសកម្មភាពអ្វីមួយអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ​របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹកកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ បទបញ្ជារបស់មេបញ្ជាការ ចឹងការរក្សាស្ថានភាពល្អមកដល់ពេលនេះ កើតឡើងដោយការតាំងចិត្ត គោរពបទបញ្ជាយ៉ាងមុឺងម៉ាត់ របស់កងយោធពលខេមរៈភូមិន្ទរបស់យើងនៅទីនេះ។​

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រ​ចំពោះ​កងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលបានអនុវត្តន៍នៅបទបញ្ជាបានល្អ ពីសំណាក់ប្រមុខ​រាជរដ្ឋាភិបាល គឺយើងធ្វើម៉េចថែរក្សាខ្សែរបន្ទាត់​ព្រំដែន​របស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែន​ដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍន៍ នឹងបាន​ប្រែក្លាយព្រំដែនដែលធ្លាប់តែមានសង្គ្រាម ធ្លាប់តែលឺ​សម្លេងគ្រប់កាំភ្លើង ធ្លាប់តែធុំក្លិនរំសេវ ទៅជាកន្លែង​បង្កើតនូវមុខរបរ អាជីវកម្ម កន្លែងសប្បាយ កន្លែង​ទេសចរណ៍ កន្លែងដែលមានការទំនាក់ទំនងបង្កើននូវមិត្ត ហើយប្រែក្លាយកន្លែងគ្រាប់រំសេវ ទៅជាការប្រគុំតន្ត្រី លឺសម្លេងភ្លេងពិរោះរណ្តំ។​

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ទៀតថា៖ថ្ងៃនេះវត្តមានរបស់ប្រតិភូខេត្តកំពង់ចាមទាំងអស់ ដែលបាន​ចំណាយពេលវេលាចុះមកជួបសំណេះសំណាលជាមួយកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាការផ្តល់នូវសេចក្តីទុកចិត្ត និងការគាំទ្រ និងការឱ្យតម្លៃ​ខ្ពស់​ណាស់ លើការលះបង់របស់បងប្អូននៅក្នុងការការពារ​បូរណៈភាពទឹកដី មិនឱ្យមានការឈ្លានពាន មិនឱ្យមានការ​រំខានពីសំណាក់បរទេស​ដែលមានបំណងមិនល្អ​ចំពោះប្រ​ទេស​របស់យើង។​លោកក៏បានស្នើរដល់កងកម្លាំងរបស់យើងក្តាប់ឱ្យជាប់នៅសភាពការណ៍ ទាំងសភាពការណ៍នយោបាយ សន្តិសុខ ពិសេសត្រូវមើលគ្រប់គ្រងស្ថានភាពភូមិសាស្ត្រឱ្យបានច្បាស់លាស់។​

អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ដែលនាំមកប្រគល់ជូននាពេលនេះ​មាន៖រ​ថយន្តម៉ាកស្តារិច ចំនួន២គ្រឿង ឧបត្ថម្ភកងពលធំ​អន្តរាកមន៍លេខ២ ថវិកាចំនួន១០លានរៀល កងពលតូច​អន្តរាគមន៍លេខ៦ ថវិកាចំនួន៥០លានរៀល ឧបត្ថម្ភនាយ​ទាហាន នាយទាហានរង និងពលទាហានចំនួន ១,៣៥៥​នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣មុឺនរៀល, ភេសជ្ជៈប៉ូវ​កម្លាំង​ចំនួន២០០កេស, ស្រាប៊ៀ ចំនួន៣០០កេស មីចំនួន ២០០កេស, បន្លែមួយចំនួន សាច់ជ្រូកចំនួន២០០គីឡូក្រាម សាច់មាន់ ចំនួន៣១០គីឡូក្រាម សម្ភារបរិក្ខា និងថ្នាំ​ពេទ្យចំនួន២១មុខផងដែរ៕

ដោយ ៖ លី ពៅ

ads banner