ផ្ទុះការតវ៉ាប្រឆាំងលោក ត្រាំ និង លោក ម៉ាស់ ទាំងនៅអាមេរិក និង អឺរ៉ុប
វ៉ាស៊ីនតោន ៖ បាតុកម្មធំបំផុតបានផ្ទុះឡើងនៅពេលបាតុកររាប់ម៉ឺននាក់ ក្នុងទឹកមុខពោលពេញដោយភ្លើងកំហឹង នាំគ្នាដើរកាន់ផ្ទាំងបដានៅតាមទីក្រុងធំៗរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក Donald Trump និងលោក Elon Musk។
ក្រុមបាតុករទាំងនោះបានលើកគ្នាតវ៉ាប្រឆាំងគោលនយោបាយបំបែកបំបាក់របស់លោកប្រធានាធិបតី Trump ចាប់ពីការកាត់បន្ថយបុគ្គលិករដ្ឋាភិបាល រហូតដល់សង្គ្រាមពន្ធ និងការលុបបំបាត់សិទ្ធិសេរីភាពស៊ីវិលជាដើម។
នៅទីក្រុង Los Angeles ស្ត្រីម្នាក់បានគ្រវីទង់ជាតិដ៏ធំមួយជាមួយនឹងសារថា “ចេញពីស្បូនរបស់ខ្ញុំ” ដែលសំដៅលើគោលនយោបាយប្រឆាំងនឹងការរំលូតកូនរបស់លោក Trump។
រីឯនៅទីក្រុង Denver បុរសម្នាក់ក្នុងហ្វូងបាតុករបានលើកបដាសរសេរថា “គ្មានស្តេចសម្រាប់សហរដ្ឋអាមេរិកទេ”។
ការប្រមូលផ្តុំនេះថែមទាំងបានពង្រីកទៅដល់រដ្ឋធានីមួយចំនួននៅអឺរ៉ុប ដែលក្រុមបាតុករបានសម្តែងការប្រឆាំងលោក Trump និងគោលនយោបាយពាណិជ្ជកម្មដ៏គឃ្លើនរបស់គាត់។
ចំណែកនៅទីក្រុងប៊ែរឡាំង អ្នកចូលនិវត្តន៍អាយុ ៧០ឆ្នាំ ឈ្មោះ Susanne Fest និយាយថា លោក Trump បានបង្កើត “វិបត្តិរដ្ឋធម្មនុញ្ញ” និងថា “បុរសនេះគឺជាមនុស្សឆ្កួត”។
នាង Liz Chamberlin ជាពលរដ្ឋអាមេរិកកាត់អង់គ្លេសបានប្រាប់ AFP នៅឯការប្រមូលផ្តុំគ្នាក្នុងទីក្រុងឡុងដ៍ថា អ្វីដែលកំពុងកើតឡើងនៅអាមេរិក គឺជាបញ្ហារបស់មនុស្សគ្រប់គ្នា។ វាជាភាពល្ងង់ខ្លៅខាងសេដ្ឋកិច្ច… គាត់នឹងរុញយើងចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចសកល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា



