ចាននំបញ្ចុកយក្សបានបង្ហាញខ្លួន នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ អ្វីដែលលោកអ្នករង់ចាំបានមកដល់ហើយ ថ្ងៃនេះ ព្រឹត្តិការណ៍ “ចាននំបញ្ចុកយក្ស” ដែលរៀបចំដោយ ខ្នរ បានចាប់ផ្តើមហើយ ចាប់ពីថ្ងៃទី៥ដល់៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ Street Walk ដែលប្រមូលផ្តុំទៅដោយអ្នកចូលចិត្តម្ហូបអាហារ បងប្អូនក្រុមគ្រួសារខ្មែរ និងអ្នកដំណើរតាមផ្លូវ មកទទួលយកនូវបទពិសោធនៃការចម្អិន និងទទួលទានម្ហូបអាហារ ប្រកបដោយភាពសប្បាយរីករាយ។
បេសកកម្មនៃព្រឹត្តិការណ៍នេះ គឺការជួបជុំគ្រួសារខ្មែរ តាមរយៈម្ហូបអាហារដ៏មានឱជារស។ ដូច្នេះ ខ្នរ បានបង្កើតនូវចាននំបញ្ចុកយក្ស ដែលចម្អិនឡើងពីគ្រឿងទេសបែបប្រពៃណី និងមានរសជាតិឆ្ងាញ់ពិសា ។ អ្នកចូលរួមក៏មានឱកាស ក្នុងការភ្លក្សរសជាតិទឹកសម្លនំបញ្ចុក៣មុខផ្សេងៗគ្នាគឺ៖ នំបញ្ចុកសម្លខ្មែរ, សម្លការី, និងសម្លណាំយ៉ា។ សម្លទាំង៣មុខនេះ នឹងត្រូវបានលាយគ្រឿងផ្សំដ៏ពិសេសរបស់ខ្នរ ដែលនឹងធ្វើឱ្យមានរសជាតិកាន់តែឆ្ងាញ់ពិសា។
ព្រឹត្តិការណ៍នេះរួមមា៖ការផ្សាយផ្ទាល់អំពីការចម្អិន និងការផ្តល់ជូនផលិតផលគំរូ ៖ វត្តមាននៃចុងភៅល្បីឈ្មោះ ដែលនឹងស្ល និងរៀបចំបម្រើជូននំបញ្ចុកខ្មែរភ្លាមៗ ជូនដល់អ្នកចូលរួម។ ការសម្តែងបែបប្រពៃណី៖ តន្ត្រី និងការរាំកម្សាន្ត ដើម្បីអបអរកម្មវិធី និងពិធីបុណ្យចូលឆ្នាំខ្មែររបស់យើង។ ប្រូម៉ូសិនពិសេស៖ អ្នកចូលរួម ដែលទិញផលិតផលខ្នរអស់ ២ម៉ឺន រៀល នឹងមានឱកាសឈ្នះរង្វាន់ ឬនំបញ្ចុកញ៉ាំដោយឥតគិតថ្លៃ។
ការបង្ហាញជូននូវការផលិតនំបញ្ចុកខ្មែរ៖ បង្ហាញពីដំណើរការនៃការផលិតនំបញ្ចុកខ្មែរថ្មីស្រស់ៗ។
យោងតាមអ្នកតំណាងក្រុមហ៊ុនខ្នរ បានលើកឡើងថា៖ «យើងមិនត្រឹមតែចង់បង្កើតនូវពេលវេលាដែលមនុស្សម្នាអាចទទួលទានអាហារយ៉ាងឆ្ងាញ់ពិសានោះទេ តែយើងក៏ចង់ឱ្យគ្រប់គ្នាអាចស្វែងរកនូវភាពរីករាយ ពេលចម្អិនអាហារ និងញ៉ាំជាមួយគ្នា ប្រកបដោយភាពកក់ក្តៅថែមទៀតផង»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅវ៍ និងអាទិត្យនេះ។ ដូច្នេះប្រសិនបើលោកអ្នកមានបំណងចង់ចូលរួម សូមកុំភ្លេចចូលរួម និងនាំមនុស្សជាទីស្រឡាញ់របស់លោកអ្នកទៅជាមួយផងដែរ។
ចូលរួមជាមួយពួកយើង និងក្លាយជាផ្នែកមួយ នៃបទពិសោធធ្វើម្ហូបដ៏ពិសេស និងមិនអាចបំភ្លេចបានមួយនេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា






