មេដឹកនាំអ៊ីស្រាអែលនឹងហោះទៅជួបលោក Trump ជជែកពីពន្ធគយស្អែកនេះ
ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅកាន់សេតវិមានស្អែកនេះ ដើម្បីពិភាក្សាពីបញ្ហាពន្ធគយថ្មីជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពីមន្ត្រីអ៊ីស្រាអែលបីនាក់ និងមន្ត្រីសេតវិមានកាលពីថ្ងៃសៅរ៍។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Axios បើទោះបីជាការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះទេ។
យ៉ាងណាមិញ ប្រភពបានបង្ហើបឲ្យដឹងថា កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ ក៏នឹងរួមបញ្ចូលទាំងបញ្ហាសង្គ្រាមរបស់អ៊ីរ៉ង់ និងអ៊ីស្រាអែល ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់នៅតំបន់ហ្គាហ្សា។
ជាផ្នែកមួយនៃគោលនយោបាយពន្ធគយថ្មីដែលប្រកាសដោយលោកប្រធានាធិបតី ត្រាំ ការនាំចេញទំនិញរបស់អ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិកប្រឈមនឹងពន្ធ ១៧%។
បើតាមមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ការប្រកាសពន្ធចុងក្រោយរបស់លោក ត្រាំ នេះ អាចប៉ះពាល់ដល់ការនាំចេញគ្រឿងចក្រ និងឧបករណ៍វេជ្ជសាស្ត្ររបស់អ៊ីស្រាអែល។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពី ៤០ ឆ្នាំមុន ហើយប្រហែល ៩៨% នៃទំនិញហូរចូលពីអាមេរិកឥឡូវនេះគឺគ្មានពន្ធ។ អាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតតែមួយគត់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា