រុស្សីទារលុយម្ចាស់កប៉ាល់ធ្វើកំពប់ប្រេងនៅសមុទ្រខ្មៅជិត ១ ពាន់លានដុល្លារ
មូស្គូ ៖ ប្រទេសរុស្ស៊ីបានទាមទារប្រាក់សំណងជិត ១ ពាន់លានដុល្លារអាមេរិក ពីម្ចាស់កប៉ាល់ចំនួនពីរគ្រឿង ដែលធ្វើឱ្យកំពប់ប្រេងទ្រង់ទ្រាយធំនៅសមុទ្រខ្មៅកាលពីខែធ្នូឆ្នាំមុន។
កប៉ាល់ចាស់ៗចំនួនពីរគ្រឿង គឺ Volgoneft-212 និង Volgoneft-239 ដែលផ្ទុកប្រេងម៉ាស៊ូតប្រហែល ៩.០០០ តោន ដែលជាប្រភេទប្រេងឥន្ធនៈធុនធ្ងន់ បានរងការវាយប្រហារពីខ្យល់ព្យុះកាលពីថ្ងៃទី១៥ ខែធ្នូ នៅច្រកសមុទ្រ Kerch។
ប្រធានអង្គការឃ្លាំមើលបរិស្ថានរបស់រុស្ស៊ី Rosprirodnadzor អ្នកស្រី Svetlana Radionova បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលស្តីពីការសម្អាតប្រេងកំពប់ថា ផលបូកសរុបដែលបានបង្ហាញដល់ក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកប្រេងកំពប់បំពុលបរិស្ថាន គឺ ៩៩៨ លានដុល្លារអាមេរិក។
អ្នកស្រី Radionova បន្ថែមថា ម្ចាស់កប៉ាល់ទាំងពីរមានពេលមួយខែ ដើម្បីទូទាត់ប្រាក់សំណងដោយស្ម័គ្រចិត្ត ឬត្រូវប្រឈមមុខនឹងចំណាត់ការរបស់តុលាការ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលរុស្ស៊ី។
ស្ថិតក្រោមទណ្ឌកម្មលោកខាងលិច រុស្ស៊ីបានប្រើប្រាស់កប៉ាល់ដឹកប្រេងចាស់ៗភាគច្រើន ដើម្បីនាំចេញប្រេងឥន្ធនៈរបស់ខ្លួនទៅកាន់ទីផ្សារជុំវិញពិភពលោក។
ហើយយោងតាមការស៊ើបអង្កេតពីក្រុមឃ្លាំមើលការដឹកជញ្ជូនរបស់រុស្ស៊ី បានសន្និដ្ឋានថា មូលហេតុចម្បងនៃការលិចធ្លាយប្រេងរាប់ពាន់តោនបែបនេះ គឺដោយសារតែនាវាចាស់ៗទាំងនោះ មិនទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរតាមសមុទ្រនៅឆ្នាំនោះទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
