ប្រមុខយូអិនព្រមានថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ
យូអិន ៖ ស្របពេលពិភពលោកប្រឈមមុខនឹងជម្លោះពន្ធ បង្កឡើងពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ។
អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ លោក Stephane Dujarric និយាយថា ការព្រួយបារម្ភរបស់យើងនៅពេលនេះ គឺប្រទេសដែលងាយរងគ្រោះបំផុតពីសង្គ្រាមពាណិជ្ជកម្ម។
លោក Dujarric បានព្រមានថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏នឹងរងផលប៉ះពាល់អវិជ្ជមានផងដែរ ដោយសារតែសង្គ្រាមពាណិជ្ជកម្មពិភពលោក។
ប្រតិកម្មរបស់មេធំយូអិននេះ កើតឡើងក្រោយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលើអ្វីដែលគេហៅថា “ថ្ងៃរំដោះអាមេរិក” ដោយដាក់ “ពន្ធមូលដ្ឋានអប្បបរមា” ១០% និងអត្រាខ្ពស់បំផុតលើដៃគូពាណិជ្ជកម្មមួយចំនួន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
