លោក Zelensky ខឹងអាមេរិករឿងរុស្ស៊ីបាញ់មីស៊ីលសម្លាប់កុមារអ៊ុយក្រែន ៩ នាក់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ បានថ្កោលទោសស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន ដែលមិនបន្ទោសរុស្ស៊ីចំពោះការវាយប្រហារមីស៊ីលសម្លាប់មនុស្ស ១៨ នាក់ ក្នុងនោះមានកុមារ ៩ នាក់។
ការវាយប្រហារនៅលើស្រុកកំណើតរបស់លោក ហ្សេលេនស្គី កើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលមីស៊ីល Iskander-M របស់រុស្ស៊ីបានវាយប្រហារតំបន់លំនៅដ្ឋានមួយកន្លែងនៅជិតសួនកុមារ និងភោជនីយដ្ឋាន។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោកស្រី ប្រាយហ្គេត ប្រ៊ីង បានថ្កោលទោស តែមិនបានបញ្ជាក់ឈ្មោះរុស្ស៊ីទេ និងថា លោកស្រីរន្ធត់ចំពោះការវាយប្រហារដោយមីស៊ីល និងសង្កត់ធ្ងន់លើតម្រូវការបញ្ចប់សង្គ្រាម។
ភ្លាមៗ លោក ហ្សេលេនស្គី បានរិះគន់សេចក្ដីថ្លែងការណ៍របស់លោកស្រី ប្រ៊ីង ដោយនិយាយថា ជាអកុសល ការឆ្លើយតបពីស្ថានទូតអាមេរិកពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលប្រទេសខ្លាំងបែបនេះ ប្រជាជនខ្លាំងបែបនេះ តែបែរជាមានប្រតិកម្មទន់ខ្សោយ សូម្បីតែនិយាយឈ្មោះរុស្ស៊ីចំៗ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា