រញ្ជួយដីមីយ៉ាន់ម៉ាផ្តាច់ជីវិតមនុស្សកើនលើស ៤.០០០ នាក់

ណៃពិដោ ៖ សារព័ត៌មាន The Mirror បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៤,១៧៣ នាក់ ​នេះបើតាមសមាគមសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា (DVB) ចេញផ្សាយនៅថ្ងៃអាទិត្យនេះ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីដ៏កក្រើកនេះ ក៏បានធ្វើឱ្យមនុស្សចំនួន ៦,១៦៨ នាក់រងរបួស និង ៧៦៩ នាក់ផ្សេងទៀតបាត់ខ្លួន។

បើតាមសេចក្តីរាយការណ៍របស់កាសែត AFP អង្គភាពជួយសង្គ្រោះក្នុងស្រុក និង អន្តរជាតិ បាននឹងកំពុងដុតដៃដុតជើងជួយសង្គ្រោះមនុស្ស ៦៥៣ នាក់ដែលជាប់គាំងនៅក្នុងអគារ បន្ទាប់ពីការរញ្ជួយដី ហើយសាកសពចំនួន ៦៨២ នាក់ ត្រូវបានគេទាញចេញពីគំនរផ្ទាំងថ្មបាក់បែក។

ជាងមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រជាជនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែគ្មានទីជំរក ខ្លះបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវ ដោយសារតែផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬភ័យខ្លាចការដួលរលំសំណង់អគារបន្ថែមទៀត។

ស្រប​ពេល​​ជម្លោះស៊ីវិល​កំពុងបន្ត​នៅ​ប្រទេសមីយ៉ាន់ម៉ា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ​បាន​ពើប​ប្រទះ​នឹង​ភាព​ស្មុគស្មាញខ្លាំង ខណៈ​​មនុស្សជាង ៣​លាននាក់ត្រូវ​ជម្លៀស​ខ្លួន និង​ជិត ២០​លាននាក់កំពុង​ត្រូវការជំនួយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner