សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ កៀរគរថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុកបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ គំនិតផ្តួចផ្តើមបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ ឬ Songkran Heritage បានប្រព្រឹត្តិទៅ និងបញ្ចប់ដោយភាពរលូន និងទទួលជោគជ័យ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយពិធីនេះរៀបចំឡើងទីតាំង Factory Phnom Penh។

ព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ពិសេសនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងមានការដាក់តាំងបង្ហាញផលិតផលធ្វើពីស្នាដៃកូនខ្មែរ ឬ “Made in Cambodia” ដោយមានការតាំងបង្ហាញនូវផលិតផលក្នុងស្រុក ជាសូត្រ គ្រឿងចម្លាក់ ព្រមទាំងការតាំងបង្ហាញនូវវប្បធមទំនៀមទំលាប់ប្រពៃណីរបស់កម្ពុជា និង ការប្រកាសបើកការផ្សព្វផ្សាយពីព្រឹត្តការណ៍ទេសចរណ៍ធុរកិច្ច Cambodia Tourism Golf Classic Master Open Amateur Series 2025 and Multinational Business Forum ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់២៨ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

កម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សយទេសចរណ៍វប្បធម៌នេះដែរ ក៏មានការចូលរួមពីធុរជនខ្មែរ និងចិន រួមទាំងប្រជាពលរដ្ឋខ្មែរ និងចិនជិត ១០០ គ្រួសារ ជាពិសេសវាបានប្រមូលផ្តុំសហគមន៍ អាជីវករ និងអង្គការសប្បុរសធម៌នានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតផលវិជ្ជមានជួយដល់សង្គមជាតិ។ មូលនិធិដែលប្រមូលបាននឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការសប្បុរសធម៌សំខាន់ៗចំនួនបី៖ ទី១. Shanty Town Spirit Association ទី២. Les Restaurants Des Enfants – LRDE និងទី៣. Golden Charity។ ព្រឹត្តិការណ៍នេះ គឺជាការលាយបញ្ចូលគ្នានៃពិធីបុណ្យវប្បធម៌ និងសប្បុរសធម៌ ដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ផលិតផលក្នុងស្រុក និងឱកាសដេញថ្លៃ។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបន្ថែមបរិយាកាសពិធីបុណ្យ និងវប្បធម៌ខ្មែរ។

ស្តង់ទំនិញជាច្រើនបានតាំងបង្ហាញពីបេតិកភណ្ឌ និងផលិតផលរបស់កម្ពុជា ហើយប្រាក់ចំណេញនឹងបរិច្ចាគជួយគាំទ្រដល់អង្គការសប្បុរសធម៌។ ក្រុមអាជីវករ និងផលិតផលដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីរំលេចនូវអ្វីដែលជាស្នាដៃល្អបំផុតរបស់កម្ពុជា ចាប់ពីវិស័យសិប្បកម្ម និងកសិកម្ម ដើម្បីជំរុញកំណើនមូលនិធិសម្រាប់កម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សាយផលិតផល “ផលិតនៅកម្ពុជា”។ កម្មវិធីសប្បុរសធម៌នេះទៀតសោត ត្រូវបានរំពឹងថា នឹងទទួលបានថវិកាបរិច្ចាគពីសប្បុរសជន ទាំងជាតិ និងអន្តរជាតិប្រមាណ ១០.០០០ ដុល្លារអាមេរិក៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner