ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មានការ​ប្រកួត ៣ធំៗដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍល្បែង​កីឡា​ទាញព្រ័ត្រជាកីឡាអត្តសញ្ញាណជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បង្ហើប​ថា ឆ្នាំ២០២៥នេះ ការប្រកួតធំៗនៅក្នុង​ប្រទេស​មាន ៣​កម្រិត ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​បំផុស​ឱ្យមាន​រៀបចំនៅសាលារៀននិងវត្តអារាម។

លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡា​ទាញព្រ័ត្រកម្ពុជា បានថ្លែងបង្ហើប ប្រាប់អ្នកយកព័ត៌មាន​ទូរទស្សន៍អប្សរា តាមប្រព័ន្ធតេលាក្រាមថា សហព័ន្ធកីឡា​ទាញព្រ័ត្រកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ មានផែនការ អភិរក្សនិងអភិវឌ្ឍល្បែងកីឡាទាញព្រ័ត្រ ដោយគ្រោងរៀប​ចំការប្រកួតធំៗចំនួន៣កម្រិត ក្នុងនោះមានកម្រិត បឋម​សិក្សា មធ្យមសិក្សា និងកម្រិត ឧត្តមសិក្សា ជាការបំផុសនិង​ចម្រាញ់បានធនធានកីឡាករកីឡាការិនីល្អៗ ត្រៀមចូលរួម​ការ​ប្រកួតអន្តរជាតិ ។

ស្របពេលដែលបុណ្យពិធីចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ សហព័ន្ធក៏លើកទឹកចិត្ត​ឱ្យ​លោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡា និងលោកគ្រូអ្នកគ្រូកីឡា​ទាញ​ព្រ័ត្រដែលទទួលបានបណ្តុះបណ្តាលដោយ​សហព័ន្ធ​ចូលរួមបង្កើតល្បែងកីឡាទាញព្រ័ត្រនៅតាមសាលារៀន និងវត្តអារាម ជាការចូលរួមបំផុសអភិវឌ្ឍ និងអភិរក្សល្បែង​កីឡាទាញព្រ័ត្រ ក្នុងគោលដៅជំរុញឱ្យមានការចូលរួម​ពី​សា​ធារណៈជនគ្រប់ស្រទាប់វណ្ណៈឱ្យមានកាន់តែច្រើនគាំទ្រដល់កីឡាអត្តសញ្ញាណជាតិរបស់ខ្មែរ។

លោក អគ្គលេខាធិការ បានបន្ថែមទៀតថា សម្រាប់ទិសដៅ​ចូលរួម​ការប្រកួតក្រៅប្រទេសវិញ សហព័ន្ធក៏មានគ្រោង​ចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួនពីរដែរ ក្នុងឆ្នាំ២០២៥នេះ គឺព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំដែលរៀបចំដោយប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះចុងឆ្នាំ២០២​៥ខាងមុខនេះ ។ចំពោះវិញវិញ្ញាសា ដែលកំពុងសម្រិត​សម្រាំងជ្រើសរើសតាមរយៈការរៀបចំជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ មាន២វិញ្ញាសា រួមមានវិញ្ញាសា ៨នាក់បុរសនិងនារី និងវិញ្ញាសា៤នាក់បុរសនិងនារី។

សូមបញ្ជាក់ដែរថា នេះជាឆ្នាំ១០ហើយ ដែលល្បែង​កីឡា​ទាញព្រ័ត្ររបស់កម្ពុជាត្រូវបានចុះទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងវិនឌុក ប្រទេស​ណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner