សម្តេច ម៉ែន សំអន ៖ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ ស្ថិត​នៅលើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មី​មួយទៀតសម្រាប់ខេត្តកំពត

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី​ក្នុងពិធី​សម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាក​លោក​ជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។

ពិធីនេះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវភរិយាថ្នាក់​ដឹកនាំ អ្នកឧកញ៉ា មន្រ្តីរាជការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ​ខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធ​ពិធីតាមបែបព្រះពុទ្ធសាសនានៅលើកំពូលភ្នំទ្វារនាឱកាសនេះ។

សូមបញ្ជាក់ផងដែរថា ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់​ភាព​ងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិ​លោកយាយម៉ៅផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមក​លេង​កម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ។ ពិសេសបានចូលរួមចំ​ណែក​អភិរក្សការកសាងកន្លែងជំនឿ លើកស្ទួយដល់ដល់​វិស័យ​ទេសចរណ៍តាមបែបជំនឿសាសនា ព្រោះទីតាំងនេះ​មានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់​ការ​ទាក់ទាញភ្ញៀវទេសចរ ដែលបានប្រែក្លាយតំបន់នេះទៅជា​គោល​ដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner