សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យអគារចាស់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំស្ថាប័នជំនាញ អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ពិនិត្យមើលលើសំណង់អគារចាស់ៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ ទោះបីគ្រោះរញ្ជួយដី នៅប្រទេសកម្ពុជា មានហានិភ័យ នៃការរញ្ជួយដីទាបក៏ដោយ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺហេតុការណ៍រញ្ជួយដីនៅប្រទេសមួយចំនួន ក្នុងនោះ តំបន់អាស៊ីអាគ្នេយ៍ មានការបាករលំខូចទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះ សម្តេចធិបតី ក៏បានណែនាំឱ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានី-ខេត្ត ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងនូវការអនុវត្តការងារ បច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីកាត់បន្ថយជាអតិប្បរមា។
សម្តេចបន្ដថា ខ្ញុំបានឱ្យគោលការណ៍ក្រសួងដែនដី ពិនិត្យអគារចាស់ឱ្យខ្លាំងមែនទែន ក្នុងរាជធានីភ្នំពេញ យើងមានប៉ុន្មានអគារ ដែលមានប្រជាពលរដ្ឋ រស់នៅទីនោះ ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវ ដល់បណ្ដាជាងម៉ៅការសំណង់នានា កុំធ្វើសំណង់ខ្វះគុណភាព ឬកិបកេង ដើម្បីធ្វើឱ្យរួចប្រញាប់ លក់ចេញ ហើយសំណង់ខ្វះគុណភាព ខណៈការងារនេះ សម្ដេច នឹងពិនិត្យមើល ដោយផ្ទាល់ បន្ថែមទៀតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យបានគុណភាពសំណង់ ដែលមានគុណភាព ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ