លោក Zelensky រិះគន់អាមេរិកគ្មានប្រតិកម្ម ទោះរុស្ស៊ីទាត់ចោលបទឈប់បាញ់
កៀវ ៖ ថ្លែងក្នុងទឹកមុខមិនពេញចិត្តតាមវីដេអូ មេដឹកនាំអ៊ុយក្រែនបានរិះគន់ចំៗដល់អាមេរិក ដែលគ្មានប្រតិកម្មឆ្លើយតបភ្លាមៗ ក្រោយរុស្ស៊ីច្រានចោលសំណើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលអ៊ុយក្រែនបានយល់ព្រម។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនបានយល់ព្រមលើសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់ពេញលេញដោយគ្មានលក្ខខណ្ឌ ប៉ុន្តែលោក ពូទីន បានទាត់ចោលសំណើនេះ។
លោក ហ្សេលេនស្គី បន្ថែមថា យើងកំពុងរង់ចាំមើលប្រតិកម្មរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមកទល់ពេលនេះគ្មានការឆ្លើយតបទាល់តែសោះ។
បើតាមលោក Zelensky ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសជាង ១.៤៦០ គ្រាប់ បញ្ជាយន្តហោះគ្មានមនុស្សបើកវាយប្រហារជិត ៦៧០ គ្រឿង និងបាញ់មីស៊ីលជាង ៣០ ប្រភេទសម្លាប់ប្រជាជនអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា