សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការផ្ញើលិខិតជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ
ក្នុងពិធីសម្ពោធស្ពានអាកាស “មរតកតេជោ” នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ ពាក់ព័ន្ធនឹងការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាមេរិកមកលើផលិតផលកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា “មិនថាប្រមុខរដ្ឋ ឬនាយករដ្ឋមន្ត្រី ប្រទេសណានោះទេ គឺគេគិតប្រយោជន៍គេ សម្តេចក៏ដូចគ្នា គឺគិតប្រយោជន៍កម្ពុជា។ដូច្នេះទើបសម្តេចផ្ញើលិខិតឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្នើពន្យារ និងស្នើសុំចរចា។គ្រាន់តែវិធីសាស្រ្តនៃការធ្វើគឺខុសៗគ្នា”។ សម្តេចបានបញ្ជាក់ទៀតថា បើនិយាយឱ្យស្រួលយល់ គឺយើងនាំចូលផលិតពីអាមេរិកតិច ហើយនាំចេញផលិតផលទៅអាមេរិកច្រើន។
ពីវេទិកានៃការសម្ពោធសមិទ្ធផលជាប្រវត្តិសាស្រ្តនេះដែរ(ស្ពានអាកាសពីរជាន់)សម្តេចធិបតីក៏បានផ្តាំទៅលោក សម រង្ស៊ី ដែលប្រឹងអួតខ្លួនថាជាអ្នកសេដ្ឋកិច្ច ដែលមិនយល់សូម្បីចំណុចនេះផង។
ពាក់ព័ន្ធនឹងបញ្ហានឹងពន្ធនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន១៩ មុខ និងបានស្នើសុំភាគីអាម៉េរិកសម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។
ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាម៉េរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។
សម្តេចធិបតីបានបន្តថា ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥ភាគរយមកត្រឹមអត្រាពន្ធអនុវត្ត ៥ភាគរយ (Applied Rate)។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឱ្យប្រទេស និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មនេះ។
ចំណែកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើសារលិខិតជូនឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិកមកលើទំនិញនាំចូលពីកម្ពុជា ដោយលោកជំទាវបានបន្ថែមថា “កម្ពុជាសូមស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាលបរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា”។
ក្នុងនាមក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវបានមានប្រសាសន៍ថា៖ «កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការចូលរួមក្នុងន័យស្ថាបនា ក្នុងរយៈពេលជាច្រើនទសវត្សនេះ ដែលក្នុងនោះ ការនាំចេញភាគច្រើនរបស់កម្ពុជាទៅសហរដ្ឋអាម៉េរិកជាការបំពេញបន្ថែមដល់ផលិតផល និងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក»៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត







