រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ពិព័រណ៍កសិកម្មកម្ពុជា នឹងជួយពង្រីកភាព ជាដៃគូ និងទាក់ទាញការវិនិយោគវិស័យកសិកម្មកម្ពុជា
(ភ្នំពេញ)៖ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី ០៧ដល់០៨ខែមេសាឆ្នាំ២០២៥ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើនបន្តបន្ទាប់ ពេញមួយឆ្នាំ២០២៥ របស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បញ្ជាក់ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជានៅថ្ងៃទី០៧ខែ មេសា ឆ្នាំ ២០២៥ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា កិច្ចសន្ទនារវាងតួអង្គ សំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ កសិកម្មនឹងផ្តល់ធាតុចូលល្អៗ ដល់ការពិភាក្សាអំពីតម្រូវការ និងឱកាសវិនិយោគសម្រាប់ ផលិតផលកសិកម្ម សំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបណ្តាញវិនិយោគ និងសម្រាប់ ព្រឹត្តិការណ៍ ធំនៃវេទិកា និងពិព័រណ៍ កសិកម្មកម្ពុជា (CAFE25) ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃស្វាហាប់ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមាន ការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល, ការដាក់ ពង្រាយមន្ត្រីកសិកម្មឃុំ, និង ការ អភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងទិសដៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និងមានរហូត” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា តាមរយៈ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា យើងនឹងបង្កើតបាននូវឱកាសសម្រាប់កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មការផ្គូរផ្គងអាជីវកម្ម ការបង្ហាញនូវនវានុវត្តន៍ ការបង្កើនភាពជាដៃគូ ការកៀរគរការវិនិយោគ និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ។ ក្នុងការបោះជំហានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំ ដែល គ្រោងរៀបចំនៅខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ ខ្ញុំសូមអំពាវនាវឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ដោយចែករំលែកគំនិតយោបល់ល្អៗ និងដំណោះស្រាយវិជ្ជមាន ដើម្បីគាំទ្រ ដល់ការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា ប្រកប ដោយ ភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់។
គួរបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយតាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម៕





ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ