ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រៀបចំពិធីបង្សុកូល រាប់បាតឧទ្ទិសកុសលជូនបុព្វការីជន ដែលបានបែកកាយទៅកាន់លោកខាងមុខ
(ព្រៃវែង)៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះព្រឹកថ្ងៃទី៤និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញ ចូលរួម ក្នុងពិធីបង្សុកូល រាប់បាត ឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយក្ខន្ធទៅកាន់លោកខាងមុខ និងជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាង៦០០នាក់នៅ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានឡើងជម្រាបជូនអំពីការចូលរួមកសាងនូវសមិទ្ធិផនានា រួមមាន វត្តព្រែកចាម អាគារសាលាអនុវិទ្យាល័យបន្លិចប្រាសាទ និងផ្លូវបេតុងអាម៉េប្រវែង២១០០ម៉ែត្រ ដែលជាការរួមចំណែកកសាងអភិវឌ្ឍស្រកកំណើតរបស់ខ្លួនឲ្យមានការរីកចម្រើនឡើង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា៕
ដោយ ៖ ហេង សម្បត្តិ



