អឺរ៉ុបនឹងរួបរួមប្រឆាំងសង្គ្រាមពន្ធលោក Trump

ព្រូចសែល ៖ បណ្តាប្រទេសសហភាពអឺរ៉ុបឆាប់ៗនេះ នឹងស្វះស្វែងបង្ហាញរណសិរ្សរួបរួមមួយ ក្នុងគោលបំណងរួមគ្នាប្រឆាំងសង្គ្រាមពន្ធរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលវិធានការដំបូង គឺយកពន្ធតម្លៃ ២៨ ពាន់លានដុល្លារលើទំនំនិញជាច្រើនមុខនាំចូលពីអាមេរិក រាប់ចាប់ពីសរសៃអំបោះសម្អាតធ្មេញរហូតដល់ត្បូងពេជ្រ។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia ពន្ធរបស់លោក ត្រាំ គ្របដណ្តប់ប្រហែល ៧០% នៃការនាំចេញរបស់អឺរ៉ុបទៅកាន់ទីផ្សារអាមេរិក ដែលមានតម្លៃសរុប ៥៨៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយពន្ធលើទង់ដែង ឱសថ គ្រឿងបន្ទះឈីប និងឈើ ទំនងជានៅតែមានបន្តទៀត។

ទន្ទឹមគ្នា ប្លុកអឺរ៉ុប ២៧ ប្រទេស ប្រឈមមុខនឹងពន្ធនាំចូល ២៥% លើដែកថែប និងអាលុយមីញ៉ូម និងរថយន្ត ព្រមទាំងពន្ធបដិការចំនួន ២០% ចាប់ពីថ្ងៃពុធទី០៩ ខែមេសាខាងមុខ សម្រាប់ទំនិញស្ទើរតែទាំងអស់ផ្សេងទៀតដែលនាំចូលទៅអាមេរិក។

គណៈកម្មការអឺរ៉ុបដែលសម្របសម្រួលគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នឹងស្នើដល់សមាជិកនៅល្ងាចថ្ងៃចន្ទនេះ នូវបញ្ជីផលិតផលអាមេរិក ដែលត្រូវជាប់ពន្ធ ដើម្បីឆ្លើយតបទៅនឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ ជាជាងការយកពន្ធបដិការដ៏ទូលំទូលាយ។

ទំនិញអាមេរិកដែលនឹងរងពន្ធសងសឹកទាំងនោះ រួមមានសាច់សត្វ គ្រាប់ធញ្ញជាតិ ស្រា ឈើ និងសម្លៀកបំពាក់ ព្រមទាំងស្ករកៅស៊ូ អំបោះសម្អាតធ្មេញ ម៉ាស៊ីនបូមធូលី និងក្រដាសអនាម័យបង្គន់ជាដើម។

សម្រាប់ការដាក់ពន្ធសងសឹកវិញ សហភាពអឺរ៉ុបនឹងចូលរួមជាមួយចិន និងកាណាដា ក្នុងការដំឡើងពន្ធសងសឹកលើអាមេរិក ដែលជាការកើនឡើងដំបូងនៃអ្វីដែលពិភពលោកភ័យខ្លាច នឹងក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មសកលដ៏ធំ ហើយអាចធ្វើឱ្យទំនិញឡើងថ្លៃកប់ពពក សម្រាប់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ ក៏ដូចជាជំរុញឱ្យសេដ្ឋកិច្ចជុំវិញពិភពលោកធ្លាក់ចូលក្នុងគ្រោះមហន្តរាយ៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner