៤០ ម៉ឺននាក់ ភៀសខ្លួននៅហ្គាហ្សាក្រោយចប់បទឈប់បាញ់
បរទេស ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានអះអាងថា មនុស្សជិត៤០ម៉ឺននាក់បានភៀសខ្លួន ចាប់តាំងពីបញ្ចប់ «បទឈប់បាញ់» នៅក្នុងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយ កាលពីថ្ងៃចន្ទថា «អ្នកស្រុកជិត៤០០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ នៅក្នុងទឹកដីមួយនេះ ជាមួយនឹងការវាយប្រហារ ឥតឈប់ឈរ»។
ប្រជាជនភាគច្រើននៃតំបន់ ហ្គាហ្សា ស្ទ្រីប ដែលមានប្រជាជនសរុបប្រហែល ២.៤លាននាក់ បានផ្លាស់ទីលំនៅ យ៉ាងហោចណាស់ម្តង នៅចន្លោះពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ មកដល់ពេលឈប់បាញ់ កាលពីខែមករា ឆ្នាំ២០២៥។ គួរឲ្យដឹងថា សង្គ្រាមបានចាប់ផ្តើមដំបូងឡើយ ជាមួយនឹងការវាយឆ្មក់ របស់ពួកហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រមុខការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌, អង្គការសុខភាពពិភពលោក, អង្គការយូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោកបានអំពាវនាវ ដល់មេដឹកនាំពិភពលោក ឱ្យធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ បន្ទាន់ និងដាច់ខាត ដើម្បីធានាថា គោលការណ៍ជាមូលដ្ឋាន នៃច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានតម្កល់ទុក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
