ក្រសួងធម្មការស្នើឱ្យរៀបចំល្បែងប្រជាប្រិយនានា និងចៀសវាងល្បែងណាដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ក្នុងពិធី បុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានប្រាប់មន្ទីរធម្មការ និង​សាសនារាជធានី ខេត្ត ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយ​អាជ្ញាធ​រពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តា​ប់ធ្នាប់ជូនពុទ្ធបរិស័ទ បានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជា​ប្រិយនានា ក្នុងវត្តអារាម ហើយចៀសវាង កុំឱ្យលេងល្បែងណាដែល​អាចបណ្តាលឱ្យមានគ្រោះថ្នាក់។

បើយោងតាម ក្រសួងធម្មការ និងសាសនានាថ្មីៗមកនេះ បានឱ្យ​ដឹងថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅមាន​​សណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាព សប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួង ធ្វើការណែនាំមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាម ដោយចង​ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យ​បាន​សមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។

ក្នុងសេចក្តីណែនាំនេះបានឱ្យដឹងដែរដោយឱ្យគ្រប់វត្តអារាម រៀបចំ​ពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូន​ជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាម​ទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាម បូជនីយដ្ឋាន ស្ថូបតាមវត្តអារាមនានា។

ជាមួយគ្នានេះក្រសួងបានណែនាំឱ្យ រៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធ្វើយ៉ាងណាឱ្យ ប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្ត សញ្ញាណប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែងណាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner