កម្លាំងនគរបាលខេត្តកំពង់ធំ ត្រៀមខ្លួនរួចរាល់សម្រាប់ការពារសន្តិសុខក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កម្លាំងនគរបាលក្នុងខេត្តបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមការងារនគរបាលបានចេញវិធានការយ៉ាងម៉ត់ចត់ ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារជីវិតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។
គោលនយោបាយសំខាន់ៗ រួមមាន៖ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការប្រឆាំងនឹងគ្រឿងញៀន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបក្រុមក្មេងទំនើង និងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ច។ ការងារទាំងនេះត្រូវអនុវត្តដោយភាពរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់។
មន្ត្រីនគរបាលនៅគ្រប់កម្រិត ត្រូវធ្វើជាគំរូល្អ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយគោរពវិន័យ សហការល្អ បង្កើនសាមគ្គីភាព និងលើកទឹកចិត្តដល់មន្ត្រីដែលសកម្មក្នុងការងារ។ ឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយសហការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ធ្វើការត្រួតពិនិត្យគ្រឿងបន្លាស់អគ្គីភ័យមុនចាកចេញពីផ្ទះ និងគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងហេតុការណ៍គ្រោះថ្នាក់អាចកើតឡើង។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ព.ស.២៥៦៨ (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥) ដោយមានព្រះនាម គោរាគៈទេវី បុត្រីទី២នៃកបិលមហាព្រហ្ម ជាអ្នកប្រទានសិរីល្អក្នុងឆ្នាំនេះ ៕
ដោយ ៖ ប៊ុន រដ្ឋា







